ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក សម រង្សី ត្រូវតុលាការសម្រេចកាត់ក្ដីឲ្យសងជំងឺចិត្តទៅសម្តេច ហេង សំរិន ១៥០លានរៀល

ភ្នំពេញៈ ក្រោយពីបើកសវការប្រហែលជិត១ម៉ោងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោលជនជាប់ចោទឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ ប្រធានគណបក្សសង្គ្រោះជាតិ តម្រូវឲ្យសងជំងឺចិត្តសម្តេចប្រធានរដ្ឋភា១៥០លានរៀល និងពិន័យជាប្រាក់ចំនួន ១០លានរៀលចូលជាថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ជាសាធារណៈលើសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភាជាតិ ប្រព្រឹត្តកាលពីម៉ោង៦ និង៥៧នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ដើមចមនៃបណ្តឹងប្រឆាំងលោក សម រង្ស៊ី ពីសំណាក់សម្តេចពញាមហាចក្រី ហេង សំរិន ប្រធានរដ្ឋភាជាតិ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ គឺដោយសារតែកាលពីវេលាម៉ោង៦ និង៥៧នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកភ្ជាប់ជាមួយវីដេអូមួយថា ៖ “យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ”

លោក សម រង្ស៊ី បានបន្តថា៖ “ដូច្នេះលោក ហេង សំរិន ពុំមានមូលដ្ឋានណាមួយក្នុងការប្តឹងប្រឆាំងខ្ញុំ ពីព្រោះខ្ញុំបង្ហោះវីដេអូឃ្លីបដែលគេបង្ហោះនៅលើប្រព័ន្ធអ៊ិនធើណេតយូធ្យូប(Youtube)ជាង៣០ឆ្នាំមកហើយ”

នៅក្នុងសវនាការនាព្រឹកនេះលោក គី តិច មេធាវីការពារសិទ្ធិឲ្យសម្តេចមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យកូនក្តីរបស់លោកសម្រេចចិត្តប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ព្រោះតែលោក សម រង្ស៊ី បាននិយាយ (សរសេរជាអក្សរ មិនរាប់បញ្ចូលវីដេអូ) លើទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy បានធ្វើឲ្យប៉ះពាល់ដល់កិត្តយសរបស់កូនក្តីលោកយ៉ាងធ្ងន់ធ្ងរ ដោយសារតែនៅក្នុងឆ្នាំ១៩៧៩ សម្តេចមហាពញាចក្រី ហេង សំរិន មានតួនាទីជាថ្នាក់ដឹកនាំជាតិដូចជា៖

១. ប្រធានរណសិរ្សសង្គ្រោះជាតិកម្ពុជា

២. គណៈប្រធានរដ្ឋ

៣. អគ្គលេខាធិការបក្សប្រជាជនបដិវត្តកម្ពុជា

លោក គី តិច បានបន្តថា ការនិយាយរបស់លោក សម រង្ស៊ី បានធ្វើឲ្យសាធារណៈជន ជាពិសេសយុវជនបច្ចុប្បន្នមានការភ័នច្រឡំយ៉ាងធ្ងន់ធ្ងរលើសម្តេចមហាពញាចក្រី ដែលជាការប៉ះពាល់ដល់កិត្តិយសរបស់សម្តេចជាប្រធានសភាជាតិផងដែរ។

យោងតាមការអះអាងរបស់លោក គី តិច មេធាវីការពារសិទ្ធិសម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា សម្តេចបានប្តឹងទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ៣០០លានរៀល ទុកជាការប៉ះប៉ូវ។

សូមបញ្ជាក់ថា បច្ចុប្បន្នលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកំពុងរស់នៅឯបរទេសខណៈដែលលោកត្រូវបានតុលាការក្រុងភ្នំពេញបានផ្តន្ទាទោសលោកក្នុងរឿងក្តីមួយចំនួន និងកំពុងបន្តសំណុំរឿងមួយចំនួនទៀតផងដែរ៕

photo_2016-07-28_10-26-05

មតិយោបល់