ព័ត៌មានជាតិ

បែកថ្នាំខ្លាំងពេក បើកឡានសុខៗ ឈប់យកដបសាំងចាក់ដុតចោល

ភ្នំពេញៈ បុរសបែកថ្នាំម្នាក់ កំពុងតែបើករថយន្តខៗ ស្រាប់តែឈប់ រួចយកដបសាំង៥-៦ដប យកមកចាក់ស្រោចត្រង់បាំងក្រោយ រួចយកដែកកេះមកដុតឆេះសន្ធោសន្ធៅ បង្កឲ្យមានកាភ្ញាក់ផ្អើលទាំងសមត្ថកិច្ចមូលដ្ឋាន និងក្រុមសន្តិសុខធនាគារបានយកបំពង់ពន្លត់មកបាញ់ពន្លត់ទាន់ពេល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងកើតព្រះសក្យមុនីចេតិយ្យ លើកំណាត់ផ្លូវមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសញៀនថ្នាំ ដែលដុតបំផ្លាញរថយន្តខ្លួនឯងនោះមានឈ្មោះសំ សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅខេត្តមណ្ឌលគិរី បានមកលេងភ្នំពេញរយៈពេល៤ទៅ៥ថ្ងៃមកហើយ ជិះរថយន្តម៉ាក Nissan Navara ពណ៌ខ្មៅ២បាំង ពាក់ស្លាក ភ្នំពេញ ២N-៧០៥៣។

ប្រភពព័ត៌មានពីអ្នកដំណើរដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញ បុរសម្នាក់បានបើករថយន្តម៉ាក Navara តាមបណ្តោយផ្លូវព្រះមុនីវង្សពីជើងទៅត្បូងលុះទៅដល់ខាងមុខព្រះសក្យមុនីចេតិយ្យ ស្រាប់តែបើកចូលចំណែកផ្លូវខាងឆ្វេងដៃ ហើយបានឈប់រថយន្តបើកឃ្លប់ខាងក្រោយយកដបសាំង ដែលច្រកដាក់ដបទឹកសុទ្ធ៥ទៅ៦ដប យកមកចាក់ស្រោចឃ្លប់ខាងក្រោយរួចកេះដែកកេះដុត បណ្តាលឲ្យឆេះសន្ធោសន្ធៅបង្កជាកាភ្ញាក់ផ្អើលតែម្តង។

ប្រភពព័ត៌មានបានបន្តទៀតថា ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ ដើម្បីឲ្យក្រុមសន្តិសុខធនាគារវឌ្ឍនៈបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ ទើបរលត់ជាស្ថាពរវិញផងដែរ។ ចំណែកអ្នកបើកបរ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍វត្តភ្នំ ដើម្បីសាកសួររកដើមហេតុផងដែរ។

នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំបុរសរូបនោះ បានប្រាប់សមត្ថកិច្ចថា រថយន្តនោះជារថយន្តរបស់គាត់ ហើយគាត់មានទីលំនៅខេត្តមណ្ឌគិរីបានមកភ្នំពេញនេះរយៈពេល៤ទៅ៥ថ្ងៃមកហើយ ដោយស្នាក់នៅផ្ទះបងប្អូនខ្លះ និងខ្លះទៀតស្នាក់នៅផ្ទះមិត្តភក្តិ។

បុរសរូបនោះបានបន្តទៀតថា មូលហេតុដែលធ្វើឲ្យគាត់ដុតរថយន្តខ្លួនឯងចោលនោះមកពីគាត់ង៉ាងថ្នាំញៀនខ្លាំងពេក ពីព្រោះគាត់បានចូលសណ្ឋាគារលេងថ្នាំ តែគាត់ភ្លេចភ្លាំងអស់ហើយ ដោយគ្រាន់តែចាំថា គាត់បានទិញសាំងដបទៅដាក់គូទឡានពេលមកដល់កន្លែងកើតហេតុនេះចង់ដុតរថយន្តគាត់ចោលតែម្តង។

ពាក់ព័ន្ធករណីនេះ លោកមេប៉ុស្តិ៍វត្តភ្នំបានបញ្ជាក់ថា បុរសម្ចាស់រថយន្តរូបនោះបានបញ្ជូនទៅសួរនាំនៅអធិការនគរបាលខណ្ឌដូនពេញ។ ចំណែករថយន្តដែលឆេះស្ទើរអស់នោះបានស្ទូចយកទៅរក្សានៅការិយាល័យចរាចរណ៍ទី២ នៅខាងក្រោយវាំង ដើម្បីចាត់ការបន្តទៀត៕

photo_2016-11-08_11-22-44photo_2016-11-08_11-22-34photo_2016-11-08_11-22-35photo_2016-11-08_11-22-36-2photo_2016-11-08_11-22-36photo_2016-11-08_11-22-37photo_2016-11-08_11-22-38-2photo_2016-11-08_11-22-38photo_2016-11-08_11-22-39photo_2016-11-08_11-22-40photo_2016-11-08_11-22-41photo_2016-11-08_11-22-42-2photo_2016-11-08_11-22-42photo_2016-11-08_11-22-43

មតិយោបល់