ភ្នំពេញៈ នៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ពលរដ្ឋបានប្រាប់ Post News ថា មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ស៊េរី០១៩ ដែលប្អូនប្រុសរបស់គាត់ បានខ្ចីជិះទៅលេងសង្សារ ទុកមុខហាងអ៊ុតសក់ យកទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើម្បីឲ្យស្រាវជ្រាវ ចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ជនរងគ្រោះ បានបន្តទៀតថា គាត់សង្ឃឹមទៅលើសមត្ថកិច្ចតិចតួចណាស់ ក្នុងការស្វែងរកម៉ូតូគាត់ឲ្យឃើញមកវិញនោះ ខណៈម្ដុំហ្នឹងកន្លងមក ក៏ធ្លាប់មានការបាត់ម៉ូតូជាញឹកញយផងដែរ ប៉ុន្តែបើមានបងប្អូនណា បានដឹង ហើយជួយផ្ដល់ដំណឹងមកគាត់ នឹងមានជូនរង្វាន់ជាទីគាប់ចិត្ត។
សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋសំណូមពរទៅលោក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ មេត្តាជួយទប់ស្កាត់កុំឲ្យមានបទល្មើស ចោរលួចម៉ូតូញឹកញាប់ពេក ធ្វើឲ្យពលរដ្ឋព្រួយបារម្ភ ដេកមិនលក់បក់មិនល្ហើយ ដោយសារតែបញ្ហាខាងលើនេះ ហើយល្បែងស៊ីសង ក្នុងខណ្ឌច្បារអំពៅ ក៏សម្បូរដែរ គួរលោកចុះបង្ក្រាបផង ឯណាទៅភូមិ-ឃុំមានសុវត្ថិភាពនោះ តើលោកអធិការ មានសមត្ថ អាចចាប់ជនសង្ស័យ ករណីលួចម៉ូតូខាងលើបានដែរឬទេ? ដើម្បីឲ្យជនរងគ្រោះស្ងាប់ចិត្ត បើមិនអ៊ីចឹង ពលរដ្ឋ នឹងនៅតែបន្ដរិះគន់រឿងដដែល៕
មតិយោបល់