ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)។
ដំណើររឿង៖ កាលពីវេលាម៉ោង ៣ និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ឡុង រ៉ាវុធ ភេទប្រុស អាយុ ២៦ ឆ្នាំ និងបក្ខពួកឈ្មោះ ណៃ (រត់គេចខ្លួន) ធ្វើសកម្មភាពជិះម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋម៉ាក Oppo ពណ៍ខ្មៅ បានសម្រេច ភ្លាមនោះជនរងគ្រោះក៏ដេញតាម ស្របពេលដែលកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ កំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ បានស្ទាក់ឃាត់ខ្លួនម្នាក់លើចិញ្ចើមផ្លូវលេខ១២៨ កែងផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារធំថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់