កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដោយសង្គម បានឲ្យដឹងថា វេលាម៉ោង ៩ និង ០០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចតាមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នគរបាលក្រុងតាខ្មៅ ចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងណោមបក្ខពួក២នាក់ ក្រោយពីជនសង្ស័យខាងលើនេះ យកដុំថ្មគុបគេ បណ្ដាលឲ្យត្រូវភ្នែករបួសហើមជាំ ព្រោះខឹងគេបើកម៉ូតូវ៉ាជែង ខណៈដែលខ្លួនស្រវឹងស្រាជោគជាំ ។
ជនសង្ស័យមានគ្នា២នាក់រួមមាន៖
១/ឈ្មោះ ភា សុភ័ណ្ឌ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
២/ឈ្មោះ អេង ថាច ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន)។
ជនរងគ្រោះឈ្មោះ ឡុង រី ភេទប្រុស អាយុ ១៥ ឆ្នាំ ទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងដកហូតបានបាន៖ ដុំថ្មចំនួនមួយដុំ និងម៉ូតូ១គ្រឿងម៉ាក Honda click គ្មានផ្លាកលេខ។
ដំណើររឿង៖ កាលពីវេលាម៉ោងកើតហេតុ ជនសង្ស័យ២នាក់បានជិះម៉ូតូចេញពីផឹកស៊ីផ្ទះមិត្តភ័ក្រ ដោយឈ្មោះ អេង ថាច ជាអ្នកបើក រីឯឈ្មោះ ភា សុភ័ណ្ឌ អង្គុយខាងក្រោយកាន់ដុំថ្ម លុះជិះមកដល់មុខទីស្នាក់ការរដ្ឋបាលព្រៃឈើខេត្តកណ្តាល ឃើញជនរងគ្រោះបើកម៉ូតូវ៉ាយ៉ាងលឿន ក៏ខឹងជនរងគ្រោះបើកម៉ូតូវ៉ាខ្លួន ហើយក្នុងខ្លួនស្រវឹងស្រាជោគជាំផងនោះ ជនសង្ស័យឈ្មោះ ភា សុភ័ណ្ឌ បានយកដុំថ្មគប់លើជនរងគ្រោះចំភ្នែងខាងឆ្វេង បណ្តាលឲ្យរបួសស្នាមយ៉ាងធ្ងន់ធ្ងរ រួចជនសង្ស័យទាំង២នាក់ជិះម៉ូតូគេចខ្លួនបាត់ស្រមោល បន្ទាប់ពីកើតតហេតុជនរងគ្រោះ ត្រូវបានឪពុកម្តាយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់ ។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភា សុភ័ណ្ឌ រួមទាំងដកហូតវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់