ព័ត៌មានជាតិ

បន្សល់ត្រឹមការចងចាំ! ដំណើរកម្សាន្តឆ្លងឆ្នេរខ្សាច់ បណ្ដាលឲ្យនារីជាសង្សារលង់ទឹកស្លាប់ ចោលខាងប្រុសយ៉ាងអាណោចអធ័ម

ស្ទឹងត្រែងៈ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចរមណីយដ្ឋានកោះខេ ភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង មានករណីមនុស្សលង់ទឹក។

ជនរងគ្រោះឈ្មោះ លី ស្រីនាថ ភេទស្រី អាយុ ២៣ឆ្នាំ (ស្លាប់) រស់នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងគូសង្សារ រួមមិត្តភក្តិបានចេញដំណើរពីភ្នំពេញថ្ងៃទី២០ ទៅកម្សាន្តឯខេត្តសៀមរាប ថ្ងៃបន្ទាប់ទី២១ ចេញពីខេត្តសៀមទៅលេងផ្ទះមិត្ត នៅខេត្តព្រះវិហារ លុះថ្ងៃទី២២ ក៏បន្តដំណើរទៅលេងខេត្តស្ទឹងត្រែង ហើយបានចូលលេងក្នុងរមណីយដ្ឋានកោះខេ ទន្លេសេកុង ដំណើរកម្សាន្តនោះ ពួកគេបានថតផ្តិតយករូបភាព និងទេសភាពស្អាតៗ តាមបណ្ដាឆ្នេរខ្សាច់មួយ ទៅឆ្នេរខ្សាច់មួយទៀត រហូតមកដល់ចំណុចកើតហេតុខាងលើ ក៏ឆ្លងចំអន្លង់ជ្រៅដែលជំរៅ ២០ម៉ែត្រ បណ្ដាលឲ្យនារីជាសង្សារលិចលង់ទៅក្នុងទឹកបានបាត់ទៅ។
ក្រោយពេលកើតហេតុក៏មានសមត្ថកិច្ច ចុះមកជួយធ្វើការរាវរក ប៉ុន្តែរកមិនឃើញ លុះព្រឹកឡើងបាននាំគ្នារៀបចំពិធីបួងសួងសែនព្រាន ទើបរកសពឃើញនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយកម្លាំងជំនាញត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យ។

សូមបញ្ជាក់៖ ករណីនេះ បន្សល់ត្រឹមការចងចាំ និងអនុស្សាវរីយ៍ប៉ុណ្ណោះ ពិសេសម្ដាយនារីរងគ្រោះ ទ្រហោយំស្ដាយកូនស្រីជាទីស្រឡាញ់ ចាកចេញទៅដោយមិនបាននិយាយពាក្យលាគ្នាមួយម៉ាត់ ៕

មតិយោបល់