ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទឃាតកម្មគិតទុកជាមុន កាប់សិស្សសាលាម្នាក់

សៀមរាបៈ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៣និង៤៥នាទី នៅក្បែររបងជ្រុងខាងលិច នៃសាលាវិទ្យាល័យអង្គរ ស្ថិតក្នុងក្រុមទី៧ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីឃាតកម្មគិតទុកជាមុន ។
ជនរងគ្រោះឈ្មោះ សោ ស៊ាវគាង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។

ជនសង្ស័យចំនួន ៣នាក់ រួមមាន៖
១/ឈ្មោះ យ៉ុន សាវៀត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងភ្លើង រស់នៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។
២/ឈ្មោះ ហ៊ាន វីណៃ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។
៣/ឈ្មោះ ជៀក ប៊ុនណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ករណីរៀបគម្រោងសម្លាប់បុរសម្នាក់ជាសិស្សសាលាមិនបានសម្រេច នៅក្រុងសៀមរាប គឺផ្ដើមចេញពីភ្លើងប្រចណ្ឌ ។

ក្នុងប្រតិបត្តិការបំបែកសំណុំរឿងនេះ ដោយកម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការរងក្រុង សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកទេសវិទ្យា ក្រោមការដឹកនាំសម្របសម្រួលពីលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងលោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងមានការបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។ កម្លាំងនគរបាលជំនាញបានប្រឹងប្រែងស្រាវជ្រាវអស់រយៈពេល ១០ថ្ងៃពេញ ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ត្រូវបានគណនេយ្យហ្វេសប៊ុកឈ្មោះ Srey oun ផ្ញើសារកម្ម៉ងទិញជ្រក់ជើងមាន់ ហើយឲ្យជនរងគ្រោះយកជ្រក់ជើងមាន់ទៅឲ្យនៅកន្លែងកើតហេតុខាងលើ ព្រមទាំងផ្ញើសារលេខទូរស័ព្ទ ០៩២ ៩៤ ៥២ ០៣ ឲ្យជនរងគ្រោះរួចប្រាប់ថា ពេលទៅដល់ឲ្យជនរងគ្រោះទាក់ទងមកលេខនេះ។ ពេលទៅដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូ ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ គ្មានស្លាកលេខ មកកាប់ជនរងគ្រោះដាច់កញ្ចឹងក ដៃ ជើង បណ្ដាលឲ្យហូរឈាម ហើយជនបង្កបើកម៉ូតូគេចខ្លួនបាត់។ ចំពោះជនរងគ្រោះវិញ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុឈ្មោះ សោ ស៊ាវប៉ាវ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាឪពុកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចអន្តរាគមន៍ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់