ព័ត៌មានជាតិ

ឃើញកូនដើរទៅមិនចាប់អារម្មណ៍ ចុងក្រោយលង់ទឹកប្រឡាយ ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបងៈ នៅវេលាម៉ោង ១២និង២៥នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ មានករណី ក្មេងប្រុសឆ្នាំម្នាក់លង់ទឹកនៅក្នុងប្រឡាយបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅចំណុចប្រឡាយទឹកស្ថិតក្នុងភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្មេងរងគ្រោះឈ្មោះ សយ សុខហេង ភេទប្រុស អាយុ០៤ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

បើតាមការបំភ្លឺរបស់ឈ្មោះ សុ ឃឿន ភារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់សពក្មេងរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុ វេលាម៉ោង១១និង៣៥នាទី គាត់បានឃើញកូនប្រុសរបស់ខ្លួនដើរចេញពីផ្ទះសំដៅទៅលេងនៅមាត់ប្រឡាយទឹកដែលនៅពីខាងលិចផ្លូវកៅស៊ូ ជុំគ្នាជាមួយកុមារាពីរនាក់ផ្សេងទៀត។

លុះក្រោយមកវេលាម៉ោងប្រហែល ១២និង០០នាទីថ្ងៃត្រង់ជាងខណះដែលខ្លួនកំពុងនៅផ្ទះ ក៍ស្រាប់តែកុមារាឈ្មោះ ង៉ែត សៀកលី បានមកប្រាប់ខ្លួនថា កូនប្រុសរបស់ខ្លួនបានលង់ទឹកស្លាប់នៅក្នុងប្រឡាយ ភ្លាមនោះខ្លួនក៍រត់ទៅមើលនិងបានឃើញកូនប្រុសរបស់ខ្លួនឈ្មោះ សយ សុខហេង លង់ទឹកប្រឡាយស្លាប់ពេលនោះខ្លួនក៍ចុះស្រង់យកសពកូនប្រុសមកផ្ទះតែម្ដង។

បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារយករៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

 

មតិយោបល់