ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំជិះម៉ូតូរេពេញផ្លូវហើយជ្រុលចង្កូតបុករថយន្តមួយគ្រឿងកំពុង ឈប់ស្តុប បណ្ដាលអោយរងរបួសធ្ងន់ដេកសន្លប់ស្ដូកសឹង ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៩យប់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចស្ដុបពេទ្យចិន តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម អត់ស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនហើយរេពេញផ្លូវ ស្រាប់តែមកដល់ចំណុចកើតហេតុក៏បាន ជ្រុលបុកនិងរថយន្តមួយគ្រឿងដែលឈប់ចាំស្ដុប បណ្ដាលអោយដួលរងរបួសដេកសន្លប់ស្ដូកស្ដឹង ជិត១០នាទី ចំណែករថយន្តដោយមិនចង់មានបញ្ហាក៏បានបើកចេញទៅបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ ហើយរថយន្តសាមុយរបស់មន្ទីរពេទ្យ ឯកជនក៏បានមកដឹកជនរងគ្រោះ ស្រាប់តែជនរងគ្រោះដឹងខ្លួនភ្ញាក់ឡើងមិនព្រមឡើងរថយន្តសាមុយ ហើយប្រាប់ថារូបគេមិនកើតអីទេ ចាំគេហៅមិត្តភ័ក្តិមកទទួលយក ហើយសមត្ថកិច្ចក៏បានអោយ ជនរងគ្រោះទូរស័ព្ទហៅមិត្តភ័ក្តិរបស់គេមកទទួលយក ព្រោះជនរងគ្រោះមិនអាចបន្តដំណើរបានទៀតនោះទេ ខ្លាចបង្កគ្រោះថ្នាក់បន្តទៀត៕
មតិយោបល់