ព័ត៌មានជាតិ

ឈើម្រេញ១០ដុំ ត្រូវកម្លាំងអាវុធហត្ថខេត្តបង្ក្រាបបាន

កំពង់ស្ពឺ: កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដោយបានអនុញ្ញាតិពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺបានចុះបង្ក្រាបរថយន្តដឹកឈើ១គ្រឿង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ បង្ក្រាបបានរថយន្តដឹកឈើ១គ្រឿង ម៉ាកទីតាន់ ទម្ងន់១តោនកន្លះ ពណ៌សលាយទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ3B-4020 ចំណែកអ្នកបើកបរ និងម្ចាស់ឈើ បានគេចខ្លួនបាត់។ រីឯវត្ថុតាងដកហូតរួមមាន រថយន្ត១គ្រឿងដែលមានផ្ទុកឈើម្រេញចំនួន១០ដុំ ស្មើនឹង៤គីឡូក្រាម ៧ផ្លាន វាស់វែងជាក់ស្តែង។

បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថបានប្រគល់វត្ថុតាងទាំងអស់ទៅដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីបន្តនីតិវិធី និងបន្តការស្រាវជ្រាវតាមចាប់ជនសង្ស័យដើម្បីមកផ្តន្ទាទោសទៅតាមច្បាប់៕

មតិយោបល់