ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីដាក់អន្ទាក់និងបរបាញ់សត្វព្រៃដោយខុសច្បាប់នៅកម្ពុជា

មណ្ឌលគិរីៈ ជនជាតិវៀតណាមម្នាក់ បានត្រូវមន្រ្តីឧទ្យានុរក្សចាប់ឃាត់ខ្លួនបានភ្លាមៗ ខណៈជននេះ និងបក្ខពួកបានធ្វើសកម្មភាពចាប់សត្វព្រៃដោយអន្ទាក់នូវសត្វក្ងោក(ងាប់)ចំនួន១ក្បាល ហើយព្យាយាមរត់គេចខ្លួន បន្សល់ទុកនូវវត្ដុតាងម៉ូតូ២គ្រឿងទៀតនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុចពាមអូរឡាវ ក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក។

បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី។

ក្រោយការសាកសួរ និងចោទប្រកាន់ដោយតំណាងអយ្យការ តាមបញ្ញត្តិមាត្រា៦១ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ រួចមក ជនត្រូវចោទឈ្មោះ ង្វៀង វ៉ាន់ស៊ី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅឃុំហ្វាំងលីវ ស្រុកហ្វាំងហ្វា ខេត្តដាក់ឡាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះនៅក្នុងខេត្តមណ្ឌលគិរី៕

 

មតិយោបល់