ភ្នំពេញៈ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង១៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបង្ក្រាបឃាត់ខ្លួនជាក់ស្តែងជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់ទូរស័ព្ទដៃ) ត្រង់ចំណុចខាងត្បូងផ្សាររាត្រីផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ១០៨ ភូមិ៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ស្រ៊ុន លាង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ(ជនសង្ស័យធ្លាប់ប្រើសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ មិនស្គាល់ ភេទប្រុស អាយុប្រហែល២៩ឆ្នាំ ជនជាតិចិន(មិនបានដាក់ពាក្យបណ្តឹង បន្ទាប់ពីដណ្តើមបានទូរស័ព្ទដៃពីជនសង្ស័យវិញ ហើយដើរចេញទៅបាត់)។
វត្ថុតាងចាប់យកបានមាន៖ ម៉ូតូមួយគ្រឿងម៉ាក ICON ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 1C-7708 លេខតួ.លេខម៉ាស៊ីន 8002040 និងទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន ៦ពណ៌មាស (ជារបស់ជនសង្ស័យ)។
ចំពោះមុខកម្លាំងប៉ុស្តិ៍ ខណ្ឌកំពុងប្រើប្រាស់វិធានការជំនាញសួរចំលើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកហើយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់