ព័ត៌មានជាតិ

បម្រុងលួចកាច់សោកម៉ូតូ សមត្ថកិច្ចឃើញទាន់ ចាប់វាយខ្នោះ

ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីវេលាម៉ោង ៣ និង ០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះម៉ូតូល្បាតតាមផ្លូវ លុះដល់ចំណុចផ្លូវភ្នំខៀវ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1G-0693 ក្នុងដៃមានកាន់សោរច្នៃសម្រាប់កាច់បំបែកសោរកម៉ូតូ បម្រុងចុះទៅលួចកាច់សោកម៉ូតូប្រជាពលរដ្ឋ។

ក្រោយឃើញបែបនេះកម្លាំងល្បាតក៏ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ប៉ុន្តែជនសង្ស័យបានព្យាយាមរត់គេចខ្លួនដោយថ្មើរជើង តែកម្លាំងជំនាញដេញប្រផាត់ចាប់ប្រភីង ចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់តែម្តង។ បន្ទាប់ពីបានធ្វើការឆែកឆេរនៅលើខ្លួនជនសង្ស័យរកឃើញសោរច្នៃសម្រាប់កាច់បំបែកសោរកម៉ូតូចំនួន៤ដើម និងសម្ភារៈវត្ថុតាងផ្សេងៗមួយចំនួនទៀត។

ជនសង្ស័យទាំង២នាក់រួមមាន៖
១/ឈ្មោះ អាយ អ៊ឹន ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២/ឈ្មោះ ភឹម ហាច ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបាន៖
-ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ បិទតែមស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1G-0693 (លេខក្លែងក្លាយ) លេខតួ-លេខម៉ាស៊ីន 9487731 (បែកគ្រាប់សោរ)។ -សោរច្នៃសម្រាប់កាច់បំបែកសោរកម៉ូតូចំនួន៤ដើម
-សោរស្រាប់តភ្ជាប់ សោរច្នៃកាច់បំបែកសោរកម៉ូតូ១ដើម
-ទល់នឺវីស១ដើម
-ដែកអក្សរ V ១ដើម (សម្រាប់ឆ្កឹះមេសោរ)
-សោររថយន្ត១
-ទូរស័ព្ទដៃ៤គ្រឿង (ម៉ាក OPPO ២គ្រឿង និងម៉ាក NOKIA អិនចុចពិល ២គ្រឿង)
-មួកកាតិប ២ ម៉ាស ២។

បច្ចុប្បន្ន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

មតិយោបល់