ភ្នំពេញៈ ក្រោយពីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ១៥ខ្នង ស្រាប់តែនៅពេលរសៀលវេលាម៉ោង១ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទះឃើញលលាដ៍ក្បាលស្រ្តីម្នាក់ឆេះស្លាប់ ត្រង់ចំណុចបន្ទប់ជួលកន្លែងកើតហេតុក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ស្រ្តីរងគ្រោះឈ្មោះ កប មុំ អាយុ ៣៥ឆ្នាំ មុខរបរបម្រើសេវាកម្សាន្តសប្បាយពេលរាត្រី ស្នាក់នៅបន្ទប់លេខ១ នៃផ្ទះកើតហេតុខាងលើ។
គួររំឮកផងដែរថា អគ្គិភ័យឆាបឆេះផ្ទះ ១៥ខ្នងកាលពីវេលាម៉ោង៩និង ២០នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងជាបឋមថា មូលហេតុបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស។
ប្រតិបត្តិការណ៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ៤៣គ្រឿង ពន្លត់ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃដដែល។
រហូតមកដល់រសៀលម៉ោងកើតហេតុខាងលើ ទើបប្រទះឃើញលលាដ៍ក្បាល និងត្រគៀក នៃសពស្ត្រីរងគ្រោះ ឆេះដេកស្លាប់ក្នុងភ្នក់ភ្លើង សមត្ថកិច្ចមូលដ្ឋានក៏រាយការណ៍ប្រាប់ជំនាញពិនិត្យ និងកោសល្យវិច័យ ដើម្បីស្រាវជ្រាវរកសាច់ញាតិ ប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់