ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យចំនួនបីនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួនពីបទប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៦ស្ថិតនៅចំណុចបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ កម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការចាប់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ អ៊ូរ សុខា ភេទប្រុស អាយុ២៥ឆ្នាំ បានឃាត់សួរនាំនិងឆែកឆេរបានរកឃើញក្រាមសថ្លាចំនួន២កញ្ចប់ថង់តូច នៅក្នុងខោប៉ៅខាងស្តាំ ទើបសមត្ថកិច្ចឃាត់ខ្លួនរួមនឹងវត្ថុតាងយកមកធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាព និងប្រាប់ពីកន្លែងដែលបក្ខពួកដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន កំពុងតែស្នាក់នៅក្នុងបុរីសន្តិភាព២។ រួចនៅថ្ងៃខែឆ្នាំដដែល នៅម៉ោង៤រសៀល សមត្ថកិច្ចបាននាំជនសង្ស័យឈ្មោះ អូរ សុខា ទៅបង្ហាញបន្ទប់បក្ខពួកកំពុងស្នាក់នៅហើយបានឃាត់ខ្លួនបាននៅជនសង្ស័យ២នាក់ទៀត យកមកសាកសួរនៅអធិកាដ្ឋាននគរបាលខណ្ឌដង្កោ។

ជនសង្ស័យទាំង២នាក់ទី១ឈ្មោះ សេង ជីវ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងម្នាក់ទៀតឈ្មោះ ពុធ សុកាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារឌុយមិច ខណ្ឌ៧មករា ដោយបានឆែកឆេរនៅក្នុងបន្ទប់ឃើញមានវត្ថុតាងរួមមានបំពង់ទីប១ ,ដាវស៊ាំម៉ូរ៉ៃ១, កាំភ្លើងខ្លីជ័រ១ដើម រួមនឹងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយពីបានសាកសួររួច ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់