បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយទទួលបានការសហការពី និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ ក្នុងផ្សារត្រីក្រុងប៉ោយប៉ែត ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារដែលដាក់តាំងលក់ក្នុងផ្សារបានចំនួន ៤០ គំរូ រួមមាន៖ បន្លែ គ្រឿងសមុទ្រ ត្រី សាច់ បង្អែម និងនំសរសៃស្វិត។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញរកឃើញម្ហូបអាហារដែលមានភាពមិនប្រក្រតីរួមមាន៖ នំស្លឹកស្រស់ និង បង្អែមលត ស្លឹកគូឆាយ ប៉េងប៉ោះតូចៗ និងត្រសក់ផ្អរ។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ ហើយបានឱ្យតំណាងម្ចាស់ទំនិញ ខាងលើ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ម្ហូបអាហារមានផ្ទុកសារធាតុគីមីបន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់