ព័ត៌មានជាតិ

យោធាម្នាក់របួសធ្ងន់ បន្ទាប់ពីត្រូវរថយន្ត HIGHLEANDER បុកចំពេញទំហឹង

ព្រះសីហនុ: កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតរង្វង់មូលសម្តេចសង្ឃ ស្ថិតភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដំណើររឿង៖ នៅវេលាកើតហេតុ មាន

រថយន្ដមួយគ្រឿងម៉ាក HIGHLEANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AD-3829 ទិសដៅពីជើងទៅត្បូង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ខណ:មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1G-3361 បើកបរដោយឈ្មោះ ឆែម សុគន្ធា ភេទប្រុសអាយុ ៣៩ ឆ្នាំ មុខរបរ យោធា រស់នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធី ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់