ព័ត៌មានជាតិ

Update៖ ព្រលឹងចុងសក់! រថយន្តដឹកឥដ្ឋ ដាច់ហ្វ្រាំងបុកម៉ូតូប៉ូលិស និងផ្ទាំងប៉ាណូ បាក់សង្កត់រថយន្ត…

ភ្នំពេញៈ រថយន្តដឹកឥដ្ឋ១គ្រឿង បើកបរដោយបុរសម្នាក់ ដាច់ហ្វ្រាំងបុកម៉ូតូប៉ូលិស រួចបន្តបត់ទៅបុកប៉ាណូ បាក់គ្របសង្កត់រថយន្ត រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិត នៅចំណុចផ្លូវបំបែក រវាងផ្លូវជាតិលេខ៦ និងមហាវិថីឈ្នះឈ្នះ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញ រថយន្តបង្កដឹកឥដ្ឋ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A- 4121 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ចំពេលរថយន្តជាច្រើនគ្រឿង កំពុងឈប់ស្តុប ស្រាប់តែរថយន្តបង្ក ដាច់ហ្វ្រាំង បានបត់ឡើងចិញ្ចើមផ្លូវ បុកម៉ូតូប៉ូលិស ដែលឈប់ស្ងៀម រួចបន្តជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍ ដោយតៃកុងស្លន់ស្លោពេក ក៏បួងចង្កូតមកឆ្វេងដៃ បុកនឹងកង់បីឥណ្ឌា១គ្រឿង និងផ្ទាំងប៉ាណូដ៏ធំមួយ បាក់សង្កត់លើរថយន្តទៅមុខលែងរួច។

ក្រោយពីកើតហេតុ សមត្ថកិច្ច ប្រចាំគោលដៅ បានឃាត់តៃកុង ព្រមទាំងធ្វើការវាស់វែង បញ្ជូនរថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់