ព័ត៌មានជាតិ

ករណីហិង្សាក្មេងស្ទាវដេញវាយគ្នា បណ្ដាលឲ្យយុវជនម្នាក់ ធ្លាក់ពីលើម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម

ក្រចេះ: កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីហិង្សា បណ្តាលឲ្យយុវជនម្នាក់ស្លាប់ នៅចំណុចផ្លូវកែងគីទ្បូម៉ែត្រ៨៨ ស្ថិតភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល។

ជនរងគ្រោះឈ្មោះ ស៊ន សិទ្ធី ភេទប្រុស អាយុ១៩ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានធ្លាក់ពីលើម៉ូតូស្លាប់។

ក្រោយកើតហេតុកម្លាំងប៉ុស្ត៍នគរបាលរដ្ឋាបាល ឃុំ២ធ្នូ បានសហការណ៍ជាមួយកម្លាំងជំនាញផ្នែកយុត្តិធម៍ បានចុះទៅ ដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រួមទាំង ពិនិត្យស្នាកស្នាមជនរងគ្រោះ រួចក៏ប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

បន្ទាប់ពីធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ដើម្បីតាមចាប់មុខសញ្ញាប្រព្រឹត្តបទល្មើស រហូតដល់ថ្ងៃទី០៧ ខែឆ្នាំដដែល ទើបកម្លាំងកំណត់មុខសញ្ញា ឈ្មោះ វ៉ន វិញ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក៏បាននាំខ្លួនយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកស្នួល ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ វ៉ន វិញ បានសារភាពថា៖ នៅថ្ងៃកើតហេតុ ខ្លួន និងបក្ខពួកចំនួន៣នាក់១ ឈ្មោះ លឹម សុគង់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិដង្កៅ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (គេចខ្លួន) ២ ឈ្មោះ រឹត សីហា ភេទប្រុស អាយុ២១ឆ្នាំ (គេចខ្លួន) រស់នៅចំណុចកាទ្បូម៉ែត្រកៅសិប (km៩០) ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល និង៣រូបខ្លួនផ្ទាល់ បានជិះម៉ូតូ១គ្រឿង មានគ្នា៣នាក់ មកស្ទាក់វាយជនរងគ្រោះខាងលើ ដោយពេលនោះឈ្មោះ រឹត សីហា និងឈ្មោះ លឹម គង់ ជាអ្នកយកដុំថ្មគុបទៅលើជនរងគ្រោះ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូតែម្តង។

ពេលធ្វើសកម្មភាពរួច ខ្លួនក៏បានទាក់ទងឲ្យឈ្មោះ រដ្ឋា ភេទ ប្រុស អាយុប្រហែល១៧ឆ្នាំ មកឌុបឈ្មោះ រឹត សីហា ចំណែកខ្លួន ជិះម៉ូតូជាមួយឈ្មោះ លឹម សុគង់ មកផ្ទះវិញ លុះស្អែកទ្បើងទើបខ្លួន បានដឹងថា ជនរងគ្រោះឈ្មោះ ស៊ន សិទ្ឋី ស្លាប់។

បច្ចុប្បន្នសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ឈ្មោះ វ៉ន វិញ ជាបណ្តោះអាសន្ននៅអិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង ទៅជំនាញខេត្តបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់