ព័ត៌មានជាតិ

Update៖ ជនសង្ស័យ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ទាក់ទងនឹងករណីផ្សេងៗគ្នា នៅខណ្ឌដូនពេញ

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ ទាក់ទងនឹងករណីផ្សេងគ្នា ក្នុងមូលដ្ឋានរបស់ខ្លួន។

ករណីទី១នៅវេលាម៉ោង១ រំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានធ្វើការឃាត់ជនសង្ស័យម្នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោស យកអាវុធសំប៉ែតមុខស្រួច ភ្ជង់យកកាបូបលុយ ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវលេខ៤៧ ក្រុមទី២០២ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចាន់ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកទូរស័ព្ទដៃមួយគ្រឿង ម៉ាកOPPO ពណ៌ខ្មៅ និងលុយខ្មែរចំនួន២៧០០០៛ (ពីរម៉ឺនប្រាំពីរពាន់រៀល) (ប្រគល់ឲ្យជនរងគ្រោះ យកទៅរក្សាទុកជាបណ្តោះអាសន្ន)។
កាំបិតសំប៉ែតមុខស្រួច ដងជ័រពណ៌ខ្មៅ មួយ(ជារបស់ជនសង្ស័យឈ្មោះ ចាន់ ចំណាន)។

ជនរងគ្រោះឈ្មោះ ទង់ សណា្តន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់លក់ដូរ ស្នាក់នៅផ្ទះលេខ០៧ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅពេលកើតហេតុ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១ រំលងអធ្រាត្រជនរងគ្រោះឈ្មោះ ទង់ សណ្តាន ភេទស្រី អាយុ៣៨ឆ្នាំ បានត្រឡប់មកពីលក់ដូរចូលក្នុងផ្ទះ ហើយបិតទ្វារមិនបានខ្ទាស់គន្លឹះ រួចក៏ចូលក្នុងបន្ទប់ទឹក ចេញមកវិញ បានចាក់សោម៉ូតូ បើកឃ្លប់យកកាបូបយួរដៃ (កាបូបលុយ) ស្រាប់តែជនសង្ស័យឈ្មោះ ចាន់ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ បានដើរចូលក្នុងផ្ទះជនរងគ្រោះ ហើយឃើញជនរងគ្រោះកាបូបលុយ ចេញពីក្រោមកែបម៉ូតូ ជនសង្ស័យបានយកកាំបិតសំប៉ែតមុខស្រួច ដងជ័រពណ៌ខ្មៅ ភ្ជង់ជនរងគ្រោះឆក់យកកាបូបលុយបានសម្រច បម្រុងរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះ បានស្រែកឆោឡោចោរៗ ផ្អើលដល់ប្រជាពលរដ្ឋជិតខាង ដេញចាប់បានជនសង្ស័យ ស្របពេលនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ល្បាត ក្នុងមូលដ្ឋានទៅដល់ធ្វើការអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។

ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ចាន់ ចំណាន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកាំបិតសំប៉ែតមុខស្រួចភ្ជង់ លើជនរងគ្រោះ យកកាបូបលុយប្រាកដមែន។

ករណីទី២ នៅវេលាម៉ោង ៤និង៣០ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានធ្វើការឃាត់ជនសង្ស័យម្នាក់ ពីបទ៖ លួចទូរស័ព្ទដៃ នៅចំណុចជាប់របងព្រះវិហារចាម ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០២ និង៣០នាទី។

ជនសង្ស័យឈ្មោះ អ៊ុត សុខា ហៅម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកទូរស័ព្ទដៃមួយគ្រឿងម៉ាកOPPO F5 ពណ៌ខ្មៅ (ប្រគល់ឲ្យជនរងគ្រោះ យកទៅរក្សាទុកជាបណ្តោះអាសន្ន)។

ជនរងគ្រោះឈ្មោះ ភិន នូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលលេខ៨៥៤ ផ្លូវលេខ២៨សេ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី ជនរងគ្រោះ បានដឹកភ្ញៀវមកពីម្តុំវត្តបុទុម មកដាក់នៅផ្ទះសំណាក់ម្តុំព្រះវិហារចាម ពេលមកដល់ចំណុចជាប់របងព្រះវិហារចាម ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ឈប់ម៉ូតូកង់បីដាក់ភ្ញៀវចុះ ពេលនោះជនរងគ្រោះ បានឈរគិតលុយពីភ្ញៀវ ស្រាប់តែជនសង្ស័យ មកដល់ ឃើញជនរងគ្រោះរវល់គិតលុយជាមួយភ្ញៀវ ជនសង្ស័យ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃពីលើម៉ូតូកង់បី បានសម្រេច បម្រុងគេចខ្លួន ភ្លាមនោះជនរងគ្រោះ បានឃើញទាន់ ស្រែកឆោលឡោចោរៗ ផ្អើលដល់ប្រជាពលរដ្ឋជិតខាងដេញចាប់បានជនសង្ស័យ រួមនឹងវត្ថុតាង យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរតែម្តង។

ក្រោយពីសាកសួរជនសង្ស័យឈ្មោះ អ៊ុត សុខា ហៅម៉ៅ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្ម ភាពលួចទូរស័ព្ទដៃប្រាកដមែន។

ឆ្លងតាមការធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យទាំង២នាក់ ជាលទ្ធផល គឺវិជ្ជមានមានសារធាតុញៀន។

ករណីទី៣ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃ ទី ២៧ខែសីហា ឆ្នាំ ២០២០ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីលួចម៉ូតូ នៅប្លុកបឹងកក់ជនសង្ស័យភេទប្រុស មិនទាន់ស្គាល់ឈ្មោះទេ។

ករណីទី៤កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០ តាមបណ្តោយផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ សុខ លីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួលម្តុំសង្កាត់ចោមចៅ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ ជាអ្នកជិះពីក្រោយ។

ប្រភពព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យមានគ្នាពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្សុគីនិក ពណ៌សលាយក្រហម បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ បានសម្រេចហើយ តែត្រូវជនរងគ្រោះ ជិះដេញតាមរហូតជិតដល់រង្វង់មូលកួចកាណុង ទើបចាប់បានជនសង្ស័យម្នាក់ ដែលជិះពីក្រោយ និងយកកាបូបបានមកវិញ ចំណែកជនសង្ស័យម្នាក់ទៀត ដែលជាអ្នកឌុបបានរត់ចោលម៉ូតូគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមច្បាប់៕

មតិយោបល់