ប៉ៃលិនៈ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៧ ត្រង់ចំណុចជ្រោះមរណៈ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រវាងម៉ូតូបុកជាមួយរថយន្តធុនធំ។
ជនរងគ្រោះឈ្មោះ វ៉ាន់ ស្រួយ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករ (ក្មួយស្រី) រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់) និងអ្នករួមដំណើរឈ្មោះ ញ៉ៅ ងឿម ភេទស្រី អាយុ៤៧ឆ្នាំ (មីង) រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (ស្លាប់)។ ចំណែកភាគីរថយន្ត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញមានភ្លើងឆេះព្រៃយ៉ាងខ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៥៧ ពេលនោះ ក៏មានម៉ូតូ១គ្រឿង ម៉ាក Hondadream ពាក់ផ្លាកលេខ បាត់ដំបង 1M-7564 ជិះឌុបគ្នាពីរនាក់ ធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏ជិះម៉ូតូបំណងគេចចេញ កុំឲ្យត្រូវភ្លើង ស្រាប់តែទៅប៉ះនឹងរថយន្តធុនធំ ម៉ាកHino ពណ៌ខៀវ ពាក់ផ្លាកលេខ ស្វាយរៀង 3A-0310 ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង ២នាក់។ ភ្លាមនោះ ជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលបានស្លាប់ទាំង ២នាក់តែម្តង។
មូលហេតុ៖ កពីកត្តាមនុស្ស បើកបរមិនប្រកាន់ស្ដាំ (គេចពីភ្លើងឆេះព្រៃក្បែរផ្លូវ)។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំដោះស្រាយ តាមផ្លូវច្បាប់។ រីឯសព បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់