ព័ត៌មានជាតិ

ផ្អើលទាំងយប់! បុរសម្នាក់ ទាស់សម្ដីគ្នា ជាមួយសន្តិសុខនៅហាង «បាលូ» បង្កជាហិង្សា…

ភ្នំពេញ: បុរសម្នាក់បានធ្វើកម្មពិធីខួបកំណើត នៅឯហាងមួយកន្លែង ទល់មុខនឹងមាត់ទន្លេយីហោ «បាលូ» មិនដឹងថា មានរឿងអ្វីនោះទេ បានឈ្លោះគ្នា ជាមួយនឹងសន្តិសុខ រហូតឈានដល់ប្រើហិង្សា បង្ករបួសស្នាមថែមទៀត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ
ព្រះស៊ីសុវត្ថិ កែងផ្លូវ១៧៨ ត្រង់ចំណុចហាងផឹកស៊ីមួយកន្លែងយីហោ «បាលូ» ស្ថិតនៅក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីភាគីម្ខាង ដែលរងរបួស បានឲ្យដឹងថា មុនកើតហេតុកើតហេតុ គឺខាងក្រុមរបស់គាត់មានគ្នា ប្រហែលជា ៥ទៅ៦នាក់ បានធ្វើខួបកំណើតតាំងពីល្ងាច រហូតដល់ម៉ោងប្រហែលជា ១១យប់ជាងទើបចប់កម្មវិធី ហើយក៏នាំគ្នាគិតលុយ ពេលនោះ គាត់បានដើរទៅបន្ទប់ទឹក ស្រាប់តែខាងសន្តិសុខ ៤ ទៅ៥នាក់ នៅហាងខាងលើ បានមកវាយគាត់ នៅក្នុងបន្ទប់ទឹក បណ្តាលឲ្យរងរបួស បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន នាំគ្នាចុះទៅសួរនាំភាគីទាំងសងខាង។

ដោយទ្បែកប្រភពពីក្រុមសន្តិសុខវិញ បានឲ្យដឹងថា មុនកើតហេតុ គឺយុវជនខាងលើនេះ បានចូលទៅក្នុងបន្ទប់ទឹក ហើយដើរមកប៉ះរូបគាត់ ហើយយកជើងកៀសគាត់ចេញ ធ្វើឲ្យគាត់ខឹង ក៏បាននាំគ្នាជាច្រើននាក់ មកឃាត់យុវជនខាងលើ រហូតមានរឿងឈ្លោះប្រកែកគ្នាបែបនេះ។

ក្រោយកើតហេតុ យុវជនរងគ្រោះ បានដាក់ពាក្យបណ្តឹងសន្តិសុខ ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕

មតិយោបល់