ព័ត៌មានជាតិ

ក្មេង៤នាក់រងរបួសធ្ងន់ និងផ្ទះខ្ទេចអស់មួយខ្នង បន្ទាប់ពីអារដើមត្នោតរលំសង្កត់និងកិន

ព្រៃវែងៈ កាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង មានករណីអារដើមត្នោត ដួលទាក់លើខ្សែភ្លើងបណ្ដាលឱ្យបាក់បង្គោលភ្លើងដួលសង្កត់ចំផ្ទះពលរដ្ឋមួយខ្នង និងបណ្តាលឲ្យមានក្មេងនាក់រងរបួសធ្ងន់ស្រាល៤នាក់។
ជនរងគ្រោះជាក្មេងប្រុសទាំងអស់៤នាក់ទី
១ឈ្មោះ ថុន សុផាត ភេទប្រុស អាយុ ១២ឆ្នាំទីលំនៅភូមិទ្រា ឃុំរំចេក ស្រុកព្រះស្តេច របួសធ្ងន់បាក់ដៃខាងស្តាំ។
២ឈ្មោះ គង់ សីហា ភេទប្រុស អាយុ ១០ឆ្នាំទីលំនៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេចរបួសធ្ងន់ដាច់ករជើងខាងឆ្វេង។
៣ឈ្មោះ ភា ណែត ភេទប្រុស អាយុ ៩ឆ្នាំទីលំនៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេចរបួសធ្ងន់បែកក្បាលផុងរលាចេញខួរ(សង្ឃឹមតិច)។
៤ឈ្មោះ ភាង ជីវ៉ា ភេទប្រុស អាយុន ១១ឆ្នាំទីលំនៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេចរងរបួសស្រាលឆក់ខ្សែភ្លើងត្រង់ជើងខាងឆ្វេង។

ចំណែកម្ចាស់ផ្ទះឈ្មោះ ម៉េ ស្រីអូន ភេទស្រីអាយុជាង ៣០ឆ្នាំនិងប្តីឈ្មោះ សាមុត មុខរបរលក់ដូរនៅទល់មុខសាលាបឋមសិក្សាព្រៃបាស្រី ផ្ទះរងការខូចខាត។

និងម្ចាស់ដើមត្នោត មានឈ្មោះ រ៉េត អាយុ ៤៧ឆ្នាំជាប្តី និងប្រពន្ធឈ្មោះ ដា អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានជួលឈ្មោះ ថន ភាព ភេទប្រុសអាយុ ៤០ឆ្នាំ មុខរបរស៊ីឈ្នួលអារឈើ មានទីលំនៅភូមិតាង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង (ជាអ្នកអារដើមត្នោត)។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធជាម្ចាស់ដើមត្នោតបានជួលគេមកអារ ដើម្បីយកទៅធ្វើក្រោលគោ ហើយករណីទាំងអស់នេះ មិនមែនមានតែអ្នកអារម្នាក់តែប៉ុណ្ណោះទេ គឺមានអ្នកជួយទាញគ្នាជិត ១០នាក់ឯណោះ ប៉ុន្តែមិននឹកស្មានថា ទោះបីទាញខំប្រឹងទាញយ៉ាងណាក៏ទាញមិនរួចដែរ។

ក្រោយកើតហេតុជនរងគ្រោះទាំអស់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច រីឯជនបង្ក និងម្ចាស់ដើមត្នោត ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់