ព័ត៌មានជាតិ

ប្រទះឃើញសពអណ្តែតទឹក នៅចំណុចស្ពានកោះបូ ស្រុកកំពង់លែង

កំពង់ឆ្នាំង: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម នាថ្ងៃច័ន្ទ ០៩ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង៣០នាទី ឈ្មោះ ចេង ហោ ភេទ ប្រុស អាយុ ៦០ ឆ្នាំ មានទីលំនៅភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមករាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងសែនថា ឈ្មោះ ហ៊ុំ ហេង ភេទ ប្រុសអាយុ ៤១ ឆ្នាំ រស់នៅភូមិ ត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង កំពង់ឆ្នាំង បានមកស្នាក់នៅ នេសាទត្រី ត្រង់ចំណុចស្ពានកោះបូ ក្នុងភូមិសាស្រ្ត ភូមិសំរោងសែន ឃុំរោងសែន ហើយបានបាត់ខ្លួន ដោយមិនដឹងមូលហេតុ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោងសែន បានសហការតាមរកឈ្មោះ ដែលបាត់ខ្លួនខាងលើ តែរកមិនឃើញ លុះដល់ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ៥ និង០០ នាទីព្រឹក ស្រាប់តែឃើញសពឈ្មោះ ហ៊ុំ ហេង អណ្តែតឡើង នៅក្នុងទឹកនៅចំណុចស្ពានកោះបូនេះតែម្ដង ៕

មតិយោបល់