ភ្នំពេញៈ នៅវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ស្ថិតគេហដ្ឋានខាងស្រីភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីហិង្សាក្នុងពិធីអាពាហ៍ពិពាហ៍វ៉ៃកូនកំលោះបែកមាត់ និងបាក់ធ្មេញ។
ដំណើររឿង៖ មុនពេលកើតហេតុ មានកម្មវិធីមង្គលការនៅទីតាំងភូមិកើតហេតុខាងលើ លុះពេលជិតចប់កូនកំលោះ និងភ្ញៀវ បងប្អូនសាច់ញាតិ ច្រៀងរាំលេងបន្ត ស្រាប់តែអ្នកជិតខាងដែលនៅទល់ផ្ទះគ្នា ដើរមកប្រាប់ថា ឲ្យបញ្ឈប់ទៅ ព្រោះយប់ជ្រៅហើយ ប៉ុន្តែអ្នកជិតខាងនោះ មិនត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសឡើយ ករណីនេះកូនកំលោះមិនឈប់ទេ ចង់នៅបន្តការសប្បាយក្នុងកម្មវិធីរបស់ខ្លួន ហើយក៏មានការឈ្លោះគ្នាតសម្ដីទៅមក ឈានដល់ប្រើហិង្សាវាយតប កូនកំលោះទាញកែវគប់ហោះ រីឯអ្នកជិតខាងទាញកាំបិត បណ្ដាលឲ្យកូនកំលោះបែកមាត់ និងបាក់ធ្មេញ បងប្រុសកូនកំលោះបែកក្បាល រងរបួសធ្ងន់ទាំង ២នាក់ ចំពោះអ្នកជិតខាងរងរបួសស្រាល ៣នាក់។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅ ហៅគូទំនាស់ទាំងសងខាង មកសាកសួរ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីដៃគូជម្លោះទាំង បានទៅដាក់ពាក្យបណ្ដឹងរកដំណោះស្រាយរៀងៗខ្លួន។
សូមបញ្ជាក់៖ ករណីខាងលើនេះ អ្នកជិតខាងទៅដាក់ពាក្យបណ្ដឹងមុន ចំណែកឯភាគីខាងកូនកំលោះ ទៅដាក់ពាក្យបណ្ដឹងក្រោយ ព្រោះរងរបួសធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់