ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្ត ១គ្រឿងយ៉ាងលឿន មិនប្រយ័ត្នក៏រេចង្កូត មកឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់២កង់ និងបាក់បន្ទះសូឡា ភ្លើងភ្លិបភ្លែតៗ នៅលើរបាំងថ្មអស់មួយទៀត។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១យប់ថ្ងៃអង្គារទី៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុច មុខច្រកចូលផ្សារទួលគោក ក្នុងភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាការពារម្នាក់ បានឲ្យដឹងថា ដំបូងឡើយគាត់ឃើញរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-4668 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ ២កង់ រួមទាំងភ្លើងដែលគេដាក់សម្គាល់ទ្រូងផ្លូវ បាក់អស់មួយដើមទៀត ចំណែករថយន្តកល់ជាប់ ហើបកង់ក្រោយទៅមុខលែងរួច ដោយខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អ មិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។
ភ្លាមៗនោះ គេឃើញតៃកុងរថយន្ត បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកវាស់វែង ស្ទូចយករថយន្តបង្ក ទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់