ព័ត៌មានជាតិ

ចោទប្ដីប្រពន្ធ ២នាក់ ជាគ្រូធ្មប់ ធ្វើឲ្យម្តាយខ្លួនឈឺស្លាប់ ជនសង្ស័យពីរនាក់បងប្អូន យកកាំបិតកាប់ជនរងគ្រោះ បណ្ដាលឲ្យរបួសយ៉ាងដំណំ

តាកែវ: កាលពីវេលាម៉ោង ១១ និង១៥នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់បងប្អូនបង្កើត ដកហូតម៉ូតូ១គ្រឿង ពាក់ព័ន្ធនឹងករណីហិង្សាបង្ករបួសស្នាម។

ជនសង្ស័យទី១.ឈ្មោះ ម៉ម អែម ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិធ្នោះ ឃុំអង្កែវ ស្រុកទ្រាំង មុខរបរកម្មករសំណង់ (បងបង្កើត) គេចខ្លួន និងទី២.ឈ្មោះ ម៉ម អន ហៅពោត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ-ឃុំជាមួយគ្នា (ប្អូន) ឃាត់ខ្លួន។ ជនរងគ្រោះឈ្មោះ មាស សាម៉ន អាយុ៥៦
ឆ្នាំ មុខរបរកសិករ (ប្តី) និងប្រពន្ធឈ្មោះ វា ស្រី អាយុ ៥៧ឆ្នាំ មុខរបរកសិករ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំងពីរ ប្រដាប់ដោយកាំបិតក្រង៉ុក និងម៉ូតូ១គ្រឿង បានដឹកគ្នាចូលទៅកាប់ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ដែលកំពុងដេកនៅលើគ្រែក្រោមផ្ទះ ក្នុងភូមិឃុំជាមួយ
គ្នា បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្សី។

មូលហេតុ៖ ជនសង្ស័យ ចោទជនរងគ្រោះថាជាគ្រូធ្មប់ ធ្វើម្តាយខ្លួន ឲ្យឈឺស្លាប់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់