បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានព្រមានថា បើសិនបុគ្គលណា នៅពីក្រោយខ្នង ឬកាងឲ្យមានការប្រព្រឹត្តល្មើសល្បែងស៊ីសង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ការលើកឡើងដូចនេះ ក្នុងកិច្ចប្រជុំបន្ទាន់ដាក់បទបញ្ជាដល់លោកស្នងការរងទទួលការងារព្រហ្មទណ្ឌ លោកអធិការនគរបាល តាមបណ្តាស្រុកក្រុងទាំង៩ និងលោកនាយប៉ុស្តិ៍ទាំងអស់ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព កាលពីរសៀលថ្ងៃទី២៧ តុលា២០១៦ នៅសាលប្រជុំស្នងការ ក្រោយមួយថ្ងៃបន្ទាប់ពីសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបទបញ្ជា និងជំរុញឲ្យសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានប្រសិទ្ធភាពខ្ពស់។
លោកបានបន្តថា បើសិនមានល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន មុនដំបូងអ្នកទទួលខុសត្រូវ ទី១គឺនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ទី២ លោកអធិការនគរបាលស្រុក ក្រុងទាំង៩ និងទី៣ ការិយាល័យជំនាញ ក៏ត្រូវទទួលការខុសត្រូវទៅលើបញ្ហានោះផងដែរ។ ដើម្បីឲ្យមានប្រសិទ្ធភាព លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញនៅវិធានការចំនួន៣ចំណុច ក្នុងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់១ វិធានការអប់រំ ២ វិធានការគ្រប់គ្រងរដ្ឋបាល និង៣ វិធានការតាមផ្លូវច្បាប់។
ចំពោះល្បែងស៊ីសង គឺមាន២ប្រភេទ មានល្បែងស៊ីសងខុសច្បាប់ និងល្បែងស៊ីសងស្របច្បាប់។ ល្បែងស៊ីសងស្របច្បាប់សំដៅលើល្បែងបើកនៅក្នុងកាស៊ីណូ។ ចំណែកល្បែងក្រៅពីកាស៊ីណូ គឺសុទ្ធតែល្បែងស៊ីសងខុសច្បាប់។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យនៅតំបន់ច្រកអន្តរជាតិប៉ោយប៉ែត មានកាស៊ីណូកំពុងបើកដំណើរការចំនួន១០ កន្លែង ដោយកាស៊ីណូខ្លះបានបើកឲ្យមានល្បែងប្រជល់មាន់ ល្បែងអនឡាញ និងល្បែងភ្នាល់បាល់ជាដើម សម្រាប់ឲ្យពលរដ្ឋខ្មែរចូលលេង៕
មតិយោបល់