ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ៖ យុវជនជំនាន់នេះ ត្រូវរក្សាស្នាដៃ និងស្ថេរភាពសង្គម

ត្បូងឃ្មុំៈ យុវជនត្រូវបានគេចាប់អារម្មណ៍ ពីព្រោះតែយុវជនមានតួនាទីសំខាន់សម្រាប់សង្គម ហើយយុវជនអាចបង្ហាញនូវស្នាដៃរបស់ខ្លួនបានគ្រប់យ៉ាង នៅពេលដែលយុវជនមានចំណុចអ្វីដែលពិសេសជាងប្រជាពលរដ្ឋធម្មតា។

បញ្ហាយវជនត្រូវបានតំណាងរបស់គណប្រជាជនឲ្យតម្លៃ ហើយស្នើឲ្យយុវជនជំនាន់នេះ ត្រូវរក្សាស្នាដៃ និងស្ថេរភាពសង្គមឲ្យល្អប្រសើរ បន្ទាប់ពីយុវជនជំនាន់មុនមានស្នាដៃចុះជួយប្រជាពលរដ្ឋ ។ នេះគឺជាខ្លឹមសារលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ។

លោក ហ៊ុន ម៉ាណែត តំណាងឲ្យគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣១ កក្កដា ម្សិលមិញបានរំលេចថា ៖

១-ការសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺប្រកបដោយឆន្ទៈស្ម័គ្រចិត្ត សីលធម៌ គុណធម៌ បម្រើបក្ស និងបម្រើប្រជាជន។ សូមកោតសរសើរនិងថ្លែងអំណរគុណចំពោះឆន្ទៈ និងការលះបង់កម្លាំងកាយកម្លាំងចិត្តរបស់បងប្អូន ដើម្បីគណបក្សនិងប្រជាជន។

២-យុវជនពីមួយជំនាន់ទៅមួយជំនាន់ គឺជាឆ្អឹងខ្នង និងជាស្នូលរបស់គណបក្ស។ ជាក់ស្តែងយុវជនជំនាន់មុនបានដើរតួយ៉ាងសំខាន់ក្នុងការសង្គ្រោះជីវិតប្រជាជនការពារប្រជាជន និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនមកដល់សព្វថ្ងៃ។ ដូច្នេះយុវជនជំនាន់នេះត្រូវរក្សាស្នាដៃ សន្តិភាព ស្ថេរភាពសង្គម និងសមិទ្ធិផលនានា ដែលយុវជនជំនាន់មុនបានបន្សល់ទុក សម្រាប់យុវជនជំនាន់ក្រោយៗ។

៣-យុវជនត្រូវយល់ច្បាស់ពីខ្លួនឯង ស្វែងយល់ពីគោលការណ៍គណបក្ស ស្វែងយល់ពីបក្ស ដែលជាបក្សធំជាងគេ មានស្នាដៃច្រើនជាងគេ មានទំនុកចិត្តច្រើនជាងគេ និងត្រូវស្វែយល់ពីរបៀបរបរធ្វើការ និងដើរតួនាទីជាឃោសនិករបស់បក្សក្នុងការបង្ហាញ នូវរាល់សមិទ្ធិផលជាច្រើនរបស់បក្សដែលបានខិតខំកសាងតាំងពីបាតដៃទទេរ និងការពារអនាគតរបស់យើង ការពារសុខសន្តិភាព និងស្ថេរភាពសង្គម ដើម្បីកុំឲ្យប្រទេសជាតិ ធ្លាក់ចូលក្នុងសង្គ្រាម។

៤-យើងទាំងអស់គ្នាត្រូវខិតខំចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យរីកចម្រើន ឲ្យមានលក្ខណៈជាខ្មែរ ដើម្បីបង្ហាញបរទេស មិនបាច់ប្រៀបធៀប អាមេរិក បារាំង សាំងហ្គាពួរនោះទេ ហើយយុវជនត្រូវជួយបក្ស ជួយប្រជាជន ដោយប្រកាន់ខ្ជាប់នូវ សីលធម៌ គុណធម៌ និងប្រព្រឹត្តអំពើល្អនៅក្នុងបក្សនិងនៅក្នុងសង្គម។

សូមបញ្ជាក់ថា ក្រុមការងារយុវជនស្រុកតំបែរ ដែលត្រូវប្រកាសទទួលស្គាល់នាពេលនេះមានចំនួន៣៤១នាក់ ដែលសកម្មភាពយុវជនរបស់យើងបានដំណើរការរហូតមកដល់សព្វថ្ងៃ គឺដោយមានការជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ពីសំណាក់លោក ហ៊ុន ម៉ាណែត លោក វេង សាខុន លោក ហេង សួរ ដែលជាប្រធានក្រុមជនបង្គោលទទួលបន្ទុកការងារយុវជនស្រុកតំបែរ ដែលជានិច្ចកាល តែងលើកទឹកចិត្តឧបត្ថម្ភគាំទ្រនូវធនធាន សម្ភារៈ ថវិកា ស្មារតី ដោះស្រាយ និងឆ្លើយតបចំពោះសំណូមពររបស់ ក្រុមការងារ និងសកម្មជនយុវជនស្រុក ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ។

ក្រៅពីនេះ យុវជន ស្រុកតំបែរ ក៏បានការយកចិត្តទុកដាក់ក្នុងការដឹកនាំ ណែនាំ តម្រង់ទិសការងារបានជាប់ជាប្រចាំពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់មូលដ្ឋានផងដែរ៕

photo_2016-08-01_13-31-11photo_2016-08-01_13-31-12photo_2016-08-01_13-31-14photo_2016-08-01_13-31-15photo_2016-08-01_13-31-17photo_2016-08-01_13-31-18photo_2016-08-01_13-31-20photo_2016-08-01_13-31-22photo_2016-08-01_13-31-23photo_2016-08-01_13-31-25photo_2016-08-01_13-31-27photo_2016-08-01_13-31-28photo_2016-08-01_13-31-30photo_2016-08-01_13-31-31photo_2016-08-01_13-31-33photo_2016-08-01_13-31-34

មតិយោបល់