ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ភ្លាម និង២នាក់ ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ១គ្រឿងឌុបគ្នា ទៅបុករថយន្តដឹកទំនិញធុនធំ ដែលបើកឆ្លងផ្លូវពេញទំហឹង។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១ និង ៤០នាទីយប់ថ្ងៃសុក្រទី៦ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៤ កែងនិងផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ និងអ្នករងរបួស មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាលេខ ភ្នំពេញ 1IA-6055 អ្នកស្លាប់ស្លៀកខោ ពណ៌ដី ពាក់អាវយឺត ដៃខ្លី ពណ៌ប្រផេះ។ ចំណែកឯរថយន្តធុនធំដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-4863 អ្នកបើក បានចុះរត់បាត់ស្រមោល។
ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តដឹកទំនិញធុនធំ ១គ្រឿ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ។ លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវជាតិលេខ ៤ ឆ្ពោះទៅទិសខាងកើត ខណៈកំពុងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូ ១គ្រឿងម៉ាកឌ្រីមសង់ ជិះដោយបុរសម្នាក់ រួមដំណើរបុរស២នាក់ ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំកង់រថយន្តចំហៀងខាងឆ្វេងផ្នែកខាងមុខពេញទំហឹង បណ្ដាលឲ្យបោកក្បាលនឹងដែក ដែល គេផ្សារចងតង់ក្រោមឡាន
ស្លាប់បុរសម្នាក់ភ្លាមៗ និងពីរនាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ រីឯអ្នកបើករថយន្តធុនធំ ឃើញសភាពមិនស្រួល ក៏ចុះពីលើរថយន្តរត់គេចខ្លួន បាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ ធ្វើការវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់។ ដោយឡែកសព សមត្ថកិច្ច ធ្វើកំណត់ហេតុរួច ដឹកតាមរថយន្ត ទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីធ្វើការស្រាវជ្រាវ រកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕








មតិយោបល់