ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូទៅបុករថយន្ត បណ្ដាលឲ្យស្លាប់មួយរំពេច

កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ ខណ:បើកម៉ូតូបុកជាមួយរថយន្ត កាលពីវេលាម៉ោង១៦និង០៥នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិទួលងោគ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ រិន សារី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិផ្តៅជុំលិច ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកបរម៉ូតូម៉ាក HONDA DREAM ធុន C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AS-8869 ។ ចំណែករថយន្តម៉ាកកូរ៉េ ប្រភេទដឹកទំនិញធុនតូច ១គ្រឿងទៀត បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។

ប្រភពដដែលបន្តថា នៅមុនកើតហេតុ សាក្សីបានឃើញជនរងគ្រោះ ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ បានប៉ះជាមួយរថយន្តកូរ៉េ ប្រភេទដឹកទំនិញធុនតូចមួយគ្រឿង បណ្ដាលឲ្យម៉ូតូដួលបោក ទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ចំណែកឯរថយន្តបានបើករត់គេចបាត់ស្រមោល។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ រួចធ្វើការ ត្រួតពិនិត្យ និងវាស់វែង រួចកសាងឯកសារដកហូត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់