ភ្នំពេញៈ អាវុធហត្ថខណ្ឌឬស្សីកែវ សហការជាមួយ អាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោក ទូច អ៊ីណាន មេបញ្ជាការរងខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យម្នាក់ តាមអំណាចដីការរបស់តុលាការដំបូងខេត្តកណ្តាល កាលពីវេលាម៉ោ ១១និង០០នាទីថ្ងៃទី៧ ខែមីនាឆ្នាំ ២០២០ ត្រង់ចំណុចផ្ទះគ្មានលេខភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានដីកាពីតុលាការ សមត្ថកិច្ចអាវុធហត្ថខេត្ត បានបើកការស្រាវជ្រាវរហូត ឈានដល់ការឃាត់ខ្លួនជនសង្ស័យ តាមដីការឲ្យចូលខ្លួនលេខ០០៧ ដកបចខចុះថ្ងៃទីខែមីនា ឆ្នាំ២០២០ របស់លោក ឯកស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ពីបទ លួច មានស្ថានទំងន់ទោស ( គាស់ផ្ទះលួចទូរសព្ទ័ដៃ និងទ្រព្យ) ប្រព្រឹត្តនៅឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ ចំណុចភូមិសាស្ត្រខេត្តកណ្តាល។
សមត្ថកិច្ចអាវុធហត្ថ ខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទត ថា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួលភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ អាវុធហត្ថស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាបក្ខពួកនៅស្រុកកៀនស្វាយ ហើយសួរនាំទើបឈានមកឃាត់ខ្លួនជនសង្ស័យឈ្មោះ ទត ថា និងស្ត្រី៣នាក់ទៀត ដែលគេស្គាល់ថា ជាប្រពន្ធដើម និងប្រពន្ធចុង របស់ជនសង្ស័យឈ្មោះ ទត ថា រួមទាំងម៉ូតូ២គ្រឿង រថយន្តព្រូស ពណ៌សមួយគ្រឿង និងសម្លៀកបំពាក់ ធ្វើសកម្មភាពមួយចំនួន។
ម៉ូតូ០២គ្រឿង ទី១ម៉ាកZOOMER X ពណ៌លឿង លាយខ្មៅផ្លាកលេខ ភ្នំពេញ 1HB. 9449 ទី២ ម៉ាកNEX ពណ៌ស លាយលឿង ផ្លាកលេខ ភ្នំពេញ 1HV. 2977 និងរថយន្ត ០១គ្រឿង ម៉ាកព្រូស ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BD-7564 នៅទីតាំងចំនួន២ ក្នុងភូមិបឹងសាឡាង និងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ។
ប្រភពខាងលើបន្តថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាចាស់ធ្លាប់លួច ឆក់ ប្លន់ និងគាស់ផ្ទះលួចទ្រព្យសម្បត្តិយ៉ាងសកម្ម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល កាលពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូង ខេតកណ្តាល អនុវត្តតាមនីតិវិធី ព្រោះជាម្ចាស់ករណី៕
មតិយោបល់