ភ្នំពេញៈ ករណីហិង្សាមួយកើតឡើង រវាងអ្នកស្រវឹងប៉ះជាមួយអ្នកស្រវឹង ខឹងរឿងរោទ៍ម៉ូតូ ក៏បញ្ចេញក្បាច់គុណដាក់គ្នា រហូតដល់បែកក្បាលរៀងៗខ្លួន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្រុម៨ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ភាគីទាំងសងខាងទី១ឈ្មោះ គឹម ភារុណ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ ។ ភាគីម្ខាងទៀតឈ្មោះ លុយ សេងឃាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ បើកបររថយន្តក្រុមហ៊ុនបារី ម៉ាបូរ៉ូ ស្នាក់នៅក្រោយផ្សារសាំហាន់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
តាមប្រភពពីភាគីទាំង២ ដូចទន់មាត់ ដោយសារសុរា បានឲ្យដឹងថា មុនកើតហេតុ ភាគីឈ្មោះ គឹម ភារុណ ជិះម៉ូតូវិលមកពីផឹកស៊ីស្រវឹង ឈប់មុខផ្ទះជួលរបស់ខ្លួន ហើយរោទ៍ម៉ូតូ ស្របពេលដែលភាគី ឈ្មោះ លុយ សេងឃាង ជិះម៉ូតូឌុបសង្សារ វិលមកពីផឹកស៊ីដែរ ក៏ទាស់ពាក្យសម្តីគ្នា គឺថា ស្រវឹងប៉ះជាមួយស្រវឹង បញ្ចេញក្បាច់គុណដាក់គ្នា មួយប្រាវរបួសរៀងៗខ្លួន គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ តែផ្អើលអស់ពលរដ្ឋក្នុងភូមិ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅនាំភាគីទាំង២នាក់ចូលប៉ុស្តិ៍ទឹកថ្លា៕
មតិយោបល់