ស្វាយរៀងៈ កងកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាចោរលួចម៉ូតូ បញ្ចូនទៅសាលាដំបូងខេត្ត។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុករំដួល ខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ម្នាក់មានឈ្មោះ សុខ សឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិឆ្អឹងពស់ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ដែលជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ១គ្រឿង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលបានលួចម៉ូតូ១គ្រឿង ម៉ាកគុបជ្រុងពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 1BA 2049 លេខតួ 9196284 លេខម៉ាស៊ីន 9196064 ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍ និងស្រុកបានចេញប្រតិបត្តិការ បង្ក្រាបជាក់ស្តែង ដកហូតវត្ថុតាំងរួមមាន ម៉ូតូមួយគ្រឿង ដែលជនសង្ស័យលួចបាន និងបានឃាត់ខ្លួន ជនសង្ស័យបាន១នាក់ទៀត ឈ្មោះ ផាន់ ចាន់រ៉ា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឆ្អឹងពស់ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។
តាមរយៈការសួរចម្លើយរបស់សមត្ថកិច្ចជំនាញ ជនសង្ស័យឈ្មោះ ផាន់ ចាន់រ៉ា បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន ដោយធ្វើតាមបញ្ជាបងថ្លៃរបស់ខ្លួន ឈ្មោះ សុខ សឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។
ក្រោយធ្វើសកម្មភាពជនសង្ស័យឈ្មោះ សុខ សឿន បានរត់គេចខ្លួនទៅក្រៅខេត្ត ពេលនោះសមត្ថកិច្ចជំនាញខេត្ត និងស្រុកបាន តាមស្រាវជ្រាវរកជនសង្ស័យដល់ ខេត្តត្បូងឃ្មុំ តែរកមិនទាន់ឃើញ លុះមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ កាលពីវេលាម៉ោង១ថ្ងៃត្រង់ជនសង្ស័យបានលួចវិលចូលមូលដ្ឋានវិញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងរួមនឹងវត្ថុតាង បញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់