កំពង់ធំៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ វេលាម៉ោង០៧និង០០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៥-១០៦ ភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់ម្នាក់ និងខូចម៉ូតូ០២គ្រឿង។
ជនរងគ្រោះឈ្មោះ ថោង ហៀង ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរមេភូមិ រស់នៅភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ1E-4791 (មិនពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុកបានដាច់ខ្យល់ស្លាប់ ។
ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ1K-7080 បើកបរដោយឈ្មោះបាន ផាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ (ពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់ និងបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះភ្លាមៗផងដែរ ។
មូលហេតុ ៖ ភាគីទាំងពីរ បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុ វត្ថុតាងទាំង០២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីចាត់ការតាមនីតិវិធី ។ រីឯសាកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់