ព័ត៌មានជាតិ

គ្រូពេទ្យស្ទើរភ្លើងម្នាក់ចាក់ថ្នាំអ្នកជំងឺ៣ម្ជុលស្លាប់

ស្វាយរៀងៈ ស្ត្រីចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយមានអាការៈមិនស្រួលខ្លួនហៅគ្រូពេទ្យឯកជន​មកពិនិត្យនិង​ចាក់ថ្នាំ​៣ម្ជុល ស្រាប់តែប្រកាច់ដាច់ខ្យល់ស្លាប់ កាលវេលាម៉ោង១និង៣០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិច្រកម្រាក ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមប្រភពពីស្ត្រីដែលជាកូនជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុម្តាយរបស់ខ្លួនឈ្មោះ ជេត សាខន អាយុ៦៦ឆ្នាំ មានអាការៈមិនស្រួល​ខ្លួនឪពុកបានតេហៅគ្រូពេទ្យឈ្មោះ អៀក សារ៉ាន រស់នៅភូមិព្រៃក្រឡាញ់ ឃុំកំពង់ត្រាច ស្រុករមាសហែក ដើម្បីពិនិត្យជំងឺ។ ក្រោយមកនៅម៉ោង​ប្រមាណ១២និង៣០នាទីថ្ងៃទី២ខែតុលា គ្រូពេទ្យខាងលើបានដល់ផ្ទះរបស់ខ្លួន ដោយបានយកឧបករណ៍វាស់ឈាមមកវាស់ជនរងគ្រោះហើយក៏​បាននិ​យាយថាអ្នកជំងឺឡើងឈាមដល់១៤ និងមានជំងឺបេះដូង ក្រពេះ។

ប្រភពដដែលបានបន្តទៀតថា គ្រូពេទ្យ អៀកសារ៉ាន ក៏បានទាញយកថ្នាំនៅក្នុងកាបូបមកបូមបានពីរម្ជុលរួចក៏ចាក់ចំសរសៃខ្មងដៃ ខាងឆ្វេងពីរម្ជុល​ពុំមាន​ប្រតិកម្មអ្វីទេបន្ទាប់មកទៀតក៏បូមថ្នាំមួយម្ជុលទៀតចាក់ចំសរសៃរខ្មងដៃស្តាំថែមមួយម្ជុលស្រាប់តែអ្នកជំងឺមានអាការៈមិនស្រួល ហើយម្តាយរបស់​ខ្លួននិយាយថាដូចជារមាស់មាត់និងហ៊ឹងត្រចៀកណាស់គ្រូពេទ្យ ហើយចេះតែទាន់ខ្លួនដៃជើងបន្តិចៗម្តងក៏ដាច់ខ្យល់ស្លាប់តែម្តងទៅ។

ប្រភពដដែលបានបន្តទៀតថាខណៈដែលម្តាយរបស់ខ្លួនស្លាប់បាត់បង់ជីវិតហើយគ្រូពេទ្យខាងលើក៏មិនទាន់ទៅណាដែរដោយបានជួយលើកសាកសពឡើងលើផ្ទះនិងបានផ្តល់លុយចំនួន៣សែនរៀលសម្រាប់ជួយសម្រួលដល់ការធ្វើបុណ្យហើយអះអាងថានិងជួយដោះស្រាយសំណងជូនគ្រួសារសពហើយក៏ជិះម៉ូតូចេញទៅបាត់។

ប៉ុន្តែបើយោងតាមប្រភពព័ត៌មានពី លោក ពេជ្រ ចាន់ដារ៉ា ប្រធានមណ្ឌលសុខភាពអង្គប្រស្រែបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែតុលានេះ​សមត្ថកិច្ច​នគរបាលប៉ុស្តិ៍អង្គប្រស្រែនិងមន្ត្រីជំនាញពិនិត្យសាកសពបានទៅពិនិត្យសពផងដែរដោយ​បានពិនិត្យឃើញពិតជាមានការចាក់ថ្នាំពី​លោកគ្រូ​ពេទ្យ​ឯកជនឈ្មោះ អៀក សារ៉ាន ចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយបានបន្សល់ទុកសារាំងចាក់ថ្នាំព្រមទាំងដប់ថ្នាំនៅកន្លែងកើតហេតុ ហើយការប្រើប្រាស់ថ្នាំចាក់ទៅលើជនរងគ្រោះនេះពុំបានត្រឹមត្រូវ ទើបបណ្តាលស្លាប់បែបនេះ។

បើតាមការបញ្ជាក់ពីលោកប្រធានមណ្ឌលសុខភាពអង្គប្រស្រែបានបន្តថា គ្រូពេទ្យដែលចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់នៅភូមិច្រកម្រាកនេះ បានរត់គេចខ្លួន​បាត់ហើយសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួនដើម្បីធ្វើការសាកសួរ។តាមរយៈលោកប្រធានមណ្ឌលសុខភាពអង្គប្រស្រែរូបនេះ ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺត្រូវមកពិនិត្យនិងព្យាបាលនៅមណ្ឌលសុខភាពរឺមន្ទីរពេទ្យរដ្ឋដែលនៅក្បែលំនៅដ្ឋានជៀសវាងទៅស្វែងរកសេវាឯកជនដែលគ្មានជំនាញច្បាស់ នាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតដូចករណីខាងលើនេះ ៕

ចាក់ថ្នាំ៣ម្ជុុលស្លាប់ចាក់ថ្នាំ៣ម្ជុុលស្លាប់ចាក់ថ្នាំ៣ម្ជុុលស្លាប់ចាក់ថ្នាំ៣ម្ជុុលស្លាប់ចាក់ថ្នាំ៣ម្ជុុលស្លាប់

មតិយោបល់