កំពង់ធំៈ យុវជនម្នាក់មាន Account Facebook ឈ្មោះ «Meng Hour» ដែលបានបង្ហោះនៅលើ Facebook របស់ខ្លួនថា «ស៊ីឈ្នួលសម្លាប់មនុស្ស» ត្រូវបានកម្លាំងអាវុធហត្ថ ខេត្ដកំពង់ធំឃាត់ខ្លួន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ រួចបញ្ជូនទៅកាន់មន្ទីរយុត្តិធម៌នៃអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
បើតាមមន្ដ្រីអាវុធហត្ថខេត្ត បានបញ្ជាក់នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះថា យុវជនខាងលើនេះ មានឈ្មោះ ហ៊ីម សុខហ័រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
ក្នុងពេលសួរចម្លើយនោះ យុវជនខាងលើ បានសារភាពថា ខ្លួនបាន Share យករូបគេ កាន់កាំភ្លើងយកមកបង្ហោះ ហើយសរសេរថា «ស៊ីឈ្នួលសម្លាប់មនុស្ស» គ្រាន់តែចង់បង្អួតមិត្តភក្តិ តែប៉ុណ្ណោះ តាមពិតពុំមានកាំភ្លើងអ្វីឡើយ។
ក្រោយពីបានសួរនាំរួចរាល់ កម្លាំងអាវុធហត្ថខេត្ដកំពង់ធំ បានធ្វើការអប់រំ និងអនុញ្ញាតឲ្យយុវជនខាងលើវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕
មតិយោបល់