ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ាន់ នីឡា សារភាពថាមានអ្នកតាមជ្រែកស្នេហ៍

ភ្នំពេញៈ ក្នុងបទសម្ភាសន៍ដោយផ្ទាល់ជាមួយ Post news តារាកំប្លែងវ័យក្មេង នាងវ៉ាន់ នីឡា បានអះអាងថា រូបនាងពិតជាមានមនុស្សដែលមានជម្រើសល្អជាងគូដណ្ដឹងប៉ុនប៉ងជ្រែកស្នេហ៍ ប៉ុន្តែថាអំណាចទឹកប្រាក់ និងភាពឡូយឆាយរបស់បុគ្គលទាំងនោះ មិនឈ្នះអំពើល្អរបស់មនុស្សដែលនាងសុខចិត្តភ្ជាប់ពាក្យជាមួយនោះឡើយ។ នាងប្រកាសការពារចំណងស្នេហ៍មិនឲ្យរបូតរបាញនោះទេ បើទោះជាយ៉ាងហោចក៏ឆ្នាំទៀតទើបចូលរោងការ។

តារាស្រីវ័យ១៨ឆ្នាំរូបនេះ និយាយថា តាំងពីមុនភ្ជាប់ពាក្យ មកទល់ពេលនេះ នាងមិនខ្វះអ្នកតាមលែបខាយនោះទេ ដោយបុរសចាស់ក្មេងទាំងនោះ សុទ្ធតែមានបុគ្គលិកលក្ខណៈល្អជាងគូដណ្ដឹងរបស់នាងនោះផង។ យ៉ាងណាមិញ នាងថាចំណុចល្អរបស់គូដណ្ដឹងមិនអាចឲ្យបុរសទាំងនោះប្រដូចបាននោះទេ ទើបនាងហ៊ានអះអាងថាទោះជាអ្នកចែចង់ជាមនុស្សដែលមានគុណសម្បត្តិបែបណា ក៏មិនចូលភ្នែកនាង។ វ៉ាន់ នីឡា និយាយថា«រាល់ថ្ងៃខ្ញុំមានអ្នករញ៉េរញ៉ៃ ហើយពួកគាត់ល្អជាងគូដណ្ដឹងខ្ញុំទៀតក៏មាន ប៉ុន្តែខ្ញុំអត់ចាប់អារម្មណ៍ទេ ព្រោះមនុស្សបើខ្ញុំសុខចិត្តភ្ជាប់ពាក្យ ឬរៀបការជាមួយហើយ គឺទោះជាគាត់មានចំណុចល្អតិចជាងអ្នកនេះឬតិចជាងអ្នកនោះ ក៏ខ្ញុំអត់ខ្វល់ដែរ!»។

នាងថាបុរសជាគូដណ្ដឹង មិនដែលមានអារម្មណ៍ប្រច័ណ្ឌ និងឃាឃាំងនាងដែលធ្វើឲ្យនាងកើតមានអារម្មណ៍ធុញទ្រាន់នោះទេ ហើយលោកថ្វីដ្បិតតែនៅក្មេងមែន ប៉ុន្តែក៏មានគំនិតចាស់ទុំទើបនាងទទួលយក។ នាងថាគូដណ្ដឹងល្អគឺជាបុរសដែលមានការទទួលខុសខ្ពស់ និងជាមនុស្សដែលស្គាល់ចាស់ទុំ ហើយចំណុចពិសេសទាំងនោះ គឺធ្វើឲ្យនាងពេញចិត្ត និងមិនខ្វល់ពីមនុស្សដែលមានជម្រើសល្អជាងលោកទៀតឡើយ។

នាងថាអាពាហ៍ពិពាហ៍នឹងកើតឡើងក្នុងរង្វង់៣ទៅ៤ឆ្នាំទៀត ដោយសារតែពួកនាងសុទ្ធតែក្មេងដូចគ្នា ប៉ុន្តែនាងហ៊ានបញ្ជាក់ថា ចំណងភ្ជាប់ពាក្យដែលផ្អាប់ទុកយូរនេះគ្មានអ្វីរង្គោះរង្គើ ដោយពាក្យចចាមអារ៉ាម ឬដោយការលែបខាយរបស់អ្នកនាងដែលចង់ថ្ពក់យកចិត្តរបស់នាងឲ្យបែកពីគូដណ្ដឹងនោះឡើយ។ នាងថាខ្លួននៅក្មេងមែន ប៉ុន្តែសម្រាប់ភក្ដីភាពគឺបានយល់ច្បាស់ ចឹងហើយទើបនាងប្រាកដ១០០ភាគរយថា ទំនាក់ទំនងរវាងនាង និងគូដណ្ដឹងនឹងគ្មានថ្ងៃរង្គោះរង្គើ។ ក្នុងនោះនាងក៏បន្តចំអកដល់ការលើកឡើងដែលថា នាងមានស្នេហ៍កាលពីមុនជាមួយនាយចឺម និងបានផ្ដាច់ពាក្យជាមួយគូដណ្ដឹងជាដើម ដោយនាងបញ្ជាក់ថាព័ត៌មានទាំងនោះអត់មានឥទ្ធិពលធ្វើឲ្យគូដណ្ដឹងរបស់នាងអន់ចិត្តនោះទេ ដ្បិតអីរវាងនាង និងបុរសអនាគតស្វាមីជឿជាក់គ្នាច្បាស់៕

មតិយោបល់