ព័ត៌មានជាតិ

ម៉ូតូធំបុកកង់បីពីក្រោយម្ចាស់កង់បីរងរបួសម្ចាស់ម៉ូតូអង្គុយធ្វើមិនដឹង

ភ្នំពេញ:បុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកជិះម៉ូតូធុនធំមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូកង់បីខ្មែរពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូកង់បីបត់ក និងបាក់កង់ខាងក្រោយ រីឯម្ចាស់រងរបួសរលាត់ដៃជើងយ៉ាងដំណំចំណែកម្ចាស់ម៉ូតូអង្គុយលើម៉ូតូធ្វើមិនដឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែមិនាឆ្នាំ២០២០ស្ថិតនៅចំណុចមុខហាងសាច់អាំង 168 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីខ្មែរមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ1B-0590ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូធុនធំមួយគ្រឿងម៉ាកDjEBELពណ៌សគ្មានស្លាកលេខធ្វើដំណើរមកពីក្រោយបុកកង់បីពេញទំហឹងឲ្យម៉ូតូកង់បីជ្រុលទៅមុខប្រមាណជា ២០ ម៉ែត្របត់ក កងបីនិងដាច់កង់ក្រោយ ទៅមុខលេងរួចនិងខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូកង់បីរងរបួសដៃជើងយ៉ាងដំណំ។រីឯម៉ូតូមិនមានការខូចខាតនោះទេ តែម្ចាស់ម៉ូតូបានអង្គុយលើម៉ូតូធ្វើព្រងើយមិនចុះមកដោះស្រាយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានអញ្ជើញម្ចាស់ម៉ូតូឲ្យចុះពីលើម៉ូតូដើម្បីឲ្យសម្របសម្រួលជាមួយម្ចាស់ម៉ូតូកង់បីដោយសម្រួលគ្នាអស់រយ:ពេលជាង១ ម៉ោងទើបភាគីសងខាងត្រូវរ៉ូវគ្នានិងបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់