ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់

ស្វាយរៀង: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងវាងម៉ូតូនិងម៉ូតូ បុកគ្នាពេញទំហឹងដូចរន្ទះ បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង២០នាទី យប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង មានឈ្មោះ ឈឿន ចាន់រ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះម្នាក់ទៀតដែលស្លាប់មានឈ្មោះ ព្រំ ញិល ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូម៉ាកាវ រស់នៅភូមិព្រែកផ្ដៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពដដែលបានបន្តឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូទាំង២គ្រឿងខាងលើ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរ ដោយបុរសម្នាក់ បើកបរពីកើតមកលិច បានបើកទៅបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FV-3681បើកបរពីលិចមកកើត បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់