ពោធិ៍សាត់ៈ បុរសម្នាក់បានបើកត្រាក់ទ័រភ្ជួរដីចំការរបស់ខ្លួន ហើយបានប៉ះចំមីនតោនសល់ពីសម័យសង្គ្រាម ផ្ទុះកក្រើកធរណី ខូចខាតត្រាក់ទ័រក្លាយជាដែកអេតចាយ ចំណែកមនុស្សបានប៉ើងខ្ទាតហោះផ្លោង ចេញពីត្រាក់ទ័រប្រមាណ៣០ម៉ែត្រ តែសំណាងល្អគ្រាន់តែរងរបួសស្រាល សំណាងមួយ ក្នុង១ពាន់គ្រោះថ្នាក់។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៦ត្រង់ចំណុចអតីតភូមិសាស្ត្រសមរភូមិប្រយុទ្ធដ៏ក្ដៅ ទល់មុខអាស្រមលោកតាគ្រី ស្ថិតក្នុងភូមិស្ទឹងថ្មីឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នគរបាលរដ្ឋបាលប៉ុស្តិ៍មូលដ្ឋាន ឃុំប្រមោយ បានឲ្យដឹងថា ជនរងគ្រោះ ម្ចាស់ត្រាក់ទ័រមានឈ្មោះ អាំង អេងឡាយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅចំណុចអូរដូននាគ ភូមិឃុំកើតហេតុខាងលើ។ លោក បន្តថា មុនពេលកើតហេតុនេះឡើង គាត់បានបើកត្រាក់ទ័ររបស់គាត់មកដីចំការគាត់ដែលភ្ជួរធ្វើចំការ រៀងរាល់ឆ្នាំទល់មុខអាស្រមលោកតាគ្រី ដែលជាតំបន់អតីតសមរភូមិប្រយុទ្ធ ដ៏ក្ដៅ គគុក នេះមិនមានអ្វីកើតឡើងឡើយ គ្រាន់តែប៉ះកម្ទេចដែក ជាអំបែងតែប៉ុណ្ណោះ។ ចំណែក ត្រាក់ទ័រខូចខាត បែកជាបំណែកស្ទើរទាំងស្រុង ហើយរូបគាត់ នៅអង្គុយបើកត្រាក់ទ័រ ត្រូវបានកម្លាំងខ្យល់គ្រាប់ មីនតោន បុកឡើងប៉ើងហោះចេញពីត្រាក់ទ័រ ខ្ទាត ប្រហែល៣០ម៉ែត្រ ទើបធ្លាក់ដល់ដីសំណាងល្អបានដើមព្រៃឈើទប់ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ៕
មតិយោបល់