ព័ត៌មានជាតិ

ចេញពីផឹកស៊ីមិនទាន់ដល់ផ្ទះផង ស្រាប់តែស្លាប់ពាក់កណ្តាលផ្លូវ!

ភ្នំពេញៈ អាសូរណាស់ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុខណះជិះម៉ូតូចេញពីផឹកស៊ីជួបជុំផ្ទះបងប្អូន ក្នុងគោលបំណងចេញទៅផ្ទះហើយបានជ្រុលបុករថយន្តកុងតឺន័រ ដែលបត់ពេញទំហឹង។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ដែលស្ថិតនៅភូមិទួលតាឡាត់ តាមបណ្តោយផ្លូវបេតុង ខាងជើង ផ្លូវរថភ្លើង ប្រមាណជាង២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ(សព)ត្រូវបានគេស្គាល់ឈ្មោះ ណាត់ ណាន់ឈៀវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះកិនស្រូវ ជាមួយឪពុក ស្នាក់នៅភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

តាមការបញ្ជាក់ពីបងប្អូនជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់ជួបជុំគ្នានៅផ្ទះបងប្អូននៅម្តុំភូមិទួលតាឡាត់ ដោយបានផឹកស្រាបៀរអស់ចំនួនមួយកេស បន្ទាប់មកជនរងគ្រោះបានសុំទៅផ្ទះមុន ដោយជនជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម សេ១២៥ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DO.7255 ទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវបេតុង។ លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្តកុងតឺន័រមិនចាំស្លាកលេខ ដែលបត់កាត់ទទឹងផ្លូវពេញទំហឹងបណ្តាលឲ្យផុងលលាដ៏ក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង។ហើយតៃកុងឡានកុងតឺន័របានបើករត់បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុបានធ្វើកំណត់ហេតុរួចទើបប្រគល់សព និងម៉ូតូឲ្យសាច់ញាតិយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់