ភ្នំពេញៈ រោងបុណ្យគំរប់ខួប៣ឆ្នាំមួយកន្លែង តាមបណ្តោយផ្លូវ៦២អ៊ាក្រុម ៤ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដែលគេបានដឹងថា ផ្ទះបុណ្យនោះ
ជារបស់នគរបាលម្នាក់ និងជាកូនចៅសង្កាត់ទួលសង្កែ២ ត្រូវបានអជ្ញាធរបង្គាប់ឲ្យរំកិល ជាបន្ទាន់បន្ទាប់ពីម្ចាស់ដើមបុណ្យ ជួលរោងឲ្យសង់លើផ្លូវបង្កការកកស្ទះចរាចរណ៍ និងមិនបានស្នើ សុំច្បាប់អនុញាតិពីអជ្ញាធរ នៅព្រឹក ថ្ងៃទី២០ ខែមិនា ឆ្នាំ ២០១៩នេះ។
តាមប្រភពព័ត៌មានឲ្យដឹងថា ភាគីម្ចាស់កម្មវិធីបុណ្យ ខណៈកំពុងសងរោងបុណ្យ នៅល្ងាចថ្ងៃទី១៩ បានតេទូរស័ព្ទទៅមេភូមិទួលគោកថា សុំសង់រោងធ្វើបុណ្យ ហើយត្រូវមេភូមិប្រាប់ថា ធ្វើរោងរួចហើយបានប្រាប់គាត់ រួចភាគីម្ចាស់កម្មវិធីបុណ្យ ក៏បិតទូរស័ព្ទមិននិយាយអ្វីទៀតទេ។
តាមការឲ្យដឹងពីអជ្ញាធរការសុំច្បាប់អនុញ្ញាត សុំសង់រោងបុណ្យ ឬការយ៉ាងហោចណាស់ ម្ចាស់កម្មវិធី ត្រូវសុំឲ្យបានមុន៣ថ្ងៃ នៃថ្ងៃប្រារព្ភកម្មវិធី លើកលែងតែបុណ្យសព ដែលមិនបានព្រៀងទុកមុន។
អាជ្ញាធរបន្តថា ការសង់រោងការ ឬរោងបុណ្យលើផ្លូវសាធារណៈ ត្រូវសង់លើផ្លូវ១ភាគ៣ ពោលគឺប្រសិនបើផ្លូវមានទទឹង១២ម៉ែត្ររោងបុណ្យ ឬរោងការ ត្រូវសាងសង់តែ៤ ម៉ែត្រប៉ុណ្ណោះ ដោយទុក៨ម៉ែត្រឲ្យប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់។
ប្រភពដដែលបន្តថា រហូតដល់ព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ ស្រាប់តែលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវខាងលើ ឃើញញមានភាពស្ទះផ្លូវពិបាក ធ្វើដំណើរដោយសារសង់រោងបុណ្យគ្មានច្បាប់ទម្លាប់ផងនោះ ក៏បញ្ជាឲ្យរុះរោងបុណ្យនេះតែម្តង ឬសង់ឲ្យតូចជាងមុនតាមការណែនាំ តែម្ចាស់ដើមបុណ្យទំនងជាអាងអំណាច ថាខ្លួនជាអ្នកធ្វើការដែរហាក់មិនស្តាប់។
លោកជាពិសី អភិបាលខណ្ឌឬស្សីកែវ បានឱ្យអ្នកយកព័ត៌មានដឹងថា ពាក់ពន្ធ័ករណីខាងលើ លោកនឹង ឱ្យកម្លាំងចុះពិនិត្យ ហើយណែនាំឱ្យម្ចាស់បុណ្យ ធ្វើរោងខិតចូលឱ្យតូចត្រឹម១ភាគ៣ តែបើមិនស្តាប់ នឹងមានវិធានការរុះរើចេញតាមច្បាប់ តែម្តង។
គួររំឭកផងដែរថា កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ស្តីពីបញ្ហាមួយចំនួន និងបានជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រួតពិនិត្យជាប្រចាំ រាល់សំណង់ផ្សេងៗ ដែលសាងសង់ ពិសេសសំណង់ខុសច្បាប់ ឬសំណង់សង់ខុសកិច្ចសន្យា គ្មានគុណភាព ការសង់រោងបុណ្យ រោងការបិទផ្លូវ ដើម្បីជំរុញប្រជាពលរដ្ឋ ក្នុងមូលដ្ឋានគោរពច្បាប់ និងការណែនាំ ពីរដ្ឋបាលរាជធានីភ្នំពេញ ជៀសវាងការថ្នាំងថ្នាក់ ពីអ្នករងផលប៉ះពាល់។
លោក ឃួង ស្រេង បានរំឭកទៅលើ ការណែនាំ ទៅដល់ការចតរថយន្តបាញ់បេតុង ធ្វើឲ្យប៉ះពាល់ដល់ចរាចរ តាមដងផ្លូវ ដូចដែលរដ្ឋបាល រាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹង រួចមកហើយ។ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យផងដែរ ចំពោះការសង់រោងបុណ្យ រោងការ ដោយមិនត្រូវ ឲ្យបិទផ្លូវទាំងស្រុង ធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងស្ទះចរាចរណ៍ដែលប្រជាពលរដ្ឋ តែងបង្ហាញការថ្នាំងថ្នាក់ នាពេលកន្លងមក។ ម្ចាស់រោងបុណ្យ ឬរោងការ គួររកទីតាំងសមស្រប ដែលមិនប៉ះពាល់ ផ្លូវសាធារណៈ ដូចជា ទីអារាម ឬតាមភោជនីដ្ឋាន ឬទីតាំងណាដែលសមរម្យ ។
លោកអភិបាលរាជធានី បានបន្តក្រើនរំឭក ដល់អាជ្ញាធរ និងស្ថាបន័ពាក់ព័ន្ធ ត្រូវបង្កើនប្រសិទ្ធភាពការងារ ទ្វេដងថែមទៀត លើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យសក្ត័សម ទៅនឹងទំនុកចិត្ត របស់ប្រជាពលរដ្ឋ។
ទោះជាយ៉ាងណារោងបុណ្យខាងលើ បន្ទាប់ពីអជ្ញារខណ្ឌ និងសង្កាត់ បានចុះមកណែនាំរួចហើយ ភាគីម្ចាស់កម្មវិធី ក៏បានយល់ព្រមរំកិលរោងអែបខាង តាមការណែនាំរួចប្រារព្ធកម្មវិធី បុណ្យជាធម្មតា៕
មតិយោបល់