ព័ត៌មានជាតិ

Updated៖ ស្លុតចិត្ត! គ្រាន់តែក្រឡេកឃើញខោអាវកូន នៅមាត់ទឹករណ្ដៅដី

ភ្នំពេញៈ ក្មេងៗលេងទឹករណ្តៅដីលង់ស្លាប់ពីរនាក់បងប្អូនជីដូនមួយនៅខណ្ឌព្រែកព្នៅយ៉ាងសង្វេគ
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ចំណុចរណ្តៅដីមានទឹកមួយកន្លែងខាងកើតភូមិសំរោងកណ្តាលសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សពក្មេងប្រុសទាំងទាំង២៖
១/ឈ្មោះ ឆេង ភានិត អាយុ ៧ឆ្នាំ មានឪពុកឈ្មោះ មឿង ឆេង អាយុ ៣៥ឆ្នាំ មុខរបរកម្មករ និងម្តាយឈ្មោះ ឡូញ សារិន អាយុ ៣៦ឆ្នាំ មុខរបរកម្មការិនី។
២/ឈ្មោះ ស៊ុយ ប៊ុនថេង អាយុ ៦ឆ្នាំ មានឪពុកឈ្មោះ សាំង វុទ្ធី អាយុ ៣៣ឆ្នាំ មុខរបរកម្មករ និងម្តាយឈ្មោះ មឿង សុខគា អាយុ ៣៧ឆ្នាំ មុខរបរកម្មការិនី។
អ្នកទាំង២ស្នាក់នៅភូមិសំរោងកណ្តាលសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីជាម្តាយក្មេងរងគ្រោះឈ្មោះ ឆេង ភានិត បានបាត់កូន និងក្មួយ ក៏ឆោឡោ ប្រាប់បងប្អូនសាច់ញាតិឲ្យជួយរក ហើយក្រុមសាច់ញាតិក៏ចេញដើររកក្មេងទាំងពីរនាក់នោះ លុះមកដល់រណ្តៅដីមួយកន្លែងនៅខាងកើតភូមិក៏ប្រទះឃើញខោអាវនិងស្បែកជើងពីរគូរបស់ក្មេងទាំងពីរហើយក្រឡេកមើលទឹកក្នុងរណ្តៅដីនោះស្រាប់តែឃើញក្មេងរងគ្រោះម្នាក់ក្នុងចំណោមក្មេងពីរនាក់អណ្តែតឡើង ក៏ស្រង់ជាបន្តបន្ទាប់យកមកផ្ទះ រួចរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យ។

ក្រោយត្រួតពិនិត្យសព ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់