ភ្នំពេញៈ នៅក្នុងជំនួបពិភាក្សាការងារទ្វេគី នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី០១ ខែសីហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបំពាក់គ្រឿងឥស្សរយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់លោក ហ្គៅ ហ៊ុយចេង (Gao Hucheng) រដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន។
តាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែន ក្រោយជំនួបទ្វេភាគីនេះ បានឲ្យដឹងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក ហ្គៅ ហ៊ុយចេង មកកម្ពុជានាពេលនេះ គឺដើម្បីពិនិត្យមើលកិច្ចសហប្រតិបត្តិការដែលប្រទេសទាំង២បានសំរេចរួមគ្នារួចទៅហើយក៏ដូចជាពិនិត្យមើលពីការតភ្ជាប់រវាងនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់រដ្ឋាភិបាលចិន ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រនិងគម្រោងដ៏ធំមួយរួមគ្នារវាងប្រទេសចិន កម្ពុជា។
ជាមួយនេះដែរលោក ហ្គៅ ក៏បានរាយការណ៍ជូនសម្តេចតេជោថា លោកក៏បានពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ទៅលើបញ្ហាចំនួន៤ផងដែរ ដូចជា ផ្លូវថ្នល់ វាលយន្តហោះ ផ្លូវរថភ្លើង និងកសិកម្មដែលភាគីកម្ពុជា និងចិនធ្វើយ៉ាងណាជម្រុញការងារទាំងនេះឲ្យទៅមុខនិងមានសហប្រតិបត្តិការល្អផងដែរ។
ទន្ទឹមនេះ លោកបានបញ្ជាក់ថាដំណើរទស្សនកិច្ចនៅកម្ពុជា ពេលនេះក៏ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុន និងសហគ្រាសចិន ដែលមកវិនិយោគនៅកម្ពុជា ក៏ដូចជានឹងជម្រុញកសិផលរបស់កម្ពុជាដែលចិនបានកែច្នៃផងដែរទៅកាន់ប្រទេសចិន មានដូចជាអង្ករជាដើម។
ក្នុងជំនួបទ្វេភាគីនេះដែរ លោក ហ្គៅ ហ៊ុយចេង បានគោរពអញ្ជើញសម្តេចតេជោ ចូលរួមក្នុងកម្មវិធីតាំងពិព័រណ៌ពាណិជ្ជកម្មចិន ដែលនឹងរៀបចំធ្វើនាពេលខាងមុខនេះ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់នូវការយល់ស្របចំពោះគោលការណ៍ របស់លោក ហ្គៅ ហ៊ុយចេង រដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានេះ។ ជាងនេះទៀត ចំពោះការសម្របសម្រួលរវាង នយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់រដ្ឋាភិបាលចិន ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ភាគីទាំង២ត្រូវពិនិត្យ និងសម្របសម្រួលរួមគ្នា ឲ្យបានល្អដើម្បីជម្រុញការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ប្រទេសទាំង២៕





មតិយោបល់