ព័ត៌មានជាតិ

ជនជាតិវៀតណាមអះអាងថា នាង រចំភៀង ជាកូនរបស់ខ្លួនដែលបាត់ជាយូរឆ្នាំមកហើយ

រតនគិរីៈ នាង រចំភៀង ដែលអ្នកភូមិបានអះអាងថា បានវង្វេងទៅរស់នៅក្នុងព្រៃនាពេលកន្លងទៅ និងរកឃើញវិញកាលពីឆ្នាំ២០០៧ ប្រមាណ១០ឆ្នាំមកហើយនោះ ស្រាប់តែឥឡូវនេះ បានលេចមុខជនជាតិវៀតណាម មកអះអាងថាកូនគាត់ទៅវិញ ដែលមានជំងឺសរសៃប្រសាទបានបាត់ពីផ្ទះមុន១ឆ្នាំ នៃការរកឃើញនាង រចំភៀង។

បើតាមលោក ពេវ អាយុ៧០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិតារា២ ឃុំប៉ារ៉ាម៉ាក់ ស្រុកជីខេ ខេត្តយ៉ាឡាយ បានមកអះអាងថា នាង រចំភៀង ត្រូវជាកូនស្រីគាត់ បាត់ពីផ្ទះកាលពីឆ្នាំ២០០៦ ហើយ កូនស្រីនេះ ពីមុនឈ្មោះ សា មានស្លាកស្នាម កដៃឆ្វេង មានចំណងខ្សែ ចងទុកក្នុងផ្ទះ ហើយជាមនុស្សសរសៃប្រសាទ។

បុរសជនជាតិវៀតណាមរូបនេះបន្តទៀតថា គ្រួសារគាត់ ជាជនជាតិដើមភាគតិច ផាណាល មានលិខិតបញ្ជាក់ពីអាជ្ញាធរវៀតណាម និងសាក្សីបញ្ជាក់ថា កូនស្រីគាត់ឈ្មោះសា ឥឡូវនេះ គឺហៅនាងថា រចំ ភៀង ពិតជាកូនស្រីគាត់ដែលបានបាត់កន្លងទៅ។

បើតាមលោក រចំ ខាំភី អាយុ៣៨ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវបានប្រាប់ឲ្យដឹងថា នាង រចំ ភៀងនេះ ត្រូវជាបង ដែលរត់ចេញពីផ្ទះទៅរស់នៅក្នុងព្រៃ ហើយរកឃើញត្រឡប់មកផ្ទះស្នាក់នៅ និងទំនុកបំរុងផ្សេងៗ គាត់ជាអ្នករ៉ាប់រងទាំងអស់។ ស្រាប់តែលេចមុខជនជាតិវៀតណាម មកអះអាងថាជាឪពុកទៅវិញ។

លោក រចំ ខាំភី បានបន្តទៀតថា ដោយមានជីវភាពក្រលំបាក គាត់និង ក្រុមគ្រួសារបាន ពិភាក្សារគ្នា សុខចិត្តប្រគល់ស្ត្រីខាងលើឲ្យជនជាតិវៀតណាមវិញ ដោយសុខចិត្តទទួលយកការឧបត្ថម្ភចំនួន១.៥០០ដុល្លា ហើយការប្រគល់នេះដែរត្រូវរៀបចំឯកសារពីអាជ្ញាធរមូលដ្ឋានរហូតដល់ស្នងការ នគបាលខេត្តបានត្រឹមត្រូវហើយទើបប្រគល់ជូនទៅឲ្យជនជាតិវៀតណាម។ ទាក់ទិនទៅនឹងករណីខាងលើនេះលោក ម៉ៅ សាន់ អធិការនគរបាលស្រុកអូរយ៉ាដាវ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១ខែសីហានេះថា រឿងមនុស្សព្រៃលោកមិនទាន់ទទួលព័ត៌មានច្បាស់នៅឡើយនោះទេ៕

photo_2016-08-01_19-18-27photo_2016-08-01_19-18-30

មតិយោបល់