ភ្នំពេញៈ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ បត់ចូលផ្ទះ ត្រូវបានរថយន្តឃ្លប់បើកច្រាស់ទិស បុកកៀរពីចំហៀងកិនតែម្តង។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ យ៉ឺ សុខជា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ សន្តិសុខយាមរោងចក្រ មានទីលំនៅកន្លែងកើតហេតុ និងរស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ស្លាប់ ក្នុងសភាពបែកខ្ទេចក្បាល បាក់ដៃ ។
តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូធូដេ ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 1HK-0339 ធ្វើដំណើរ តាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង។ លុះដល់ចំណុចខាងលើ បានបត់ឆ្លងផ្លូវចូលផ្ទះ ស្រាប់តែត្រូវរថយន្តឃ្លប់ កូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-6427 បើកពីត្បូងទៅជើង បុកកៀរពីចំហៀង ហើយកិនបន្ថែម បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ចំណែករថយន្តបង្ក បន្តបើកគេចទៅដល់ផ្សារចោមចៅ ត្រូវបានក្រុមគ្រួសាររបស់ជនរងគ្រោះ និងនគរបាលប្រចាំគោលដៅរង្វង់មូលចោមចៅ ដេញតាមចាប់ឃាត់បាន រួមទាំងអ្នកបើកបរ។
ករណីខាងលើ សមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់សាកសពជូនក្រុមគ្រួសារ រីឯរថយន្ត ម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ប្រគល់ជូនការិយាល័យចរាចរណ៍ជើងគោកក្រុង កសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់