ព័ត៌មានជាតិ

រថយន្តម៉ាកសាំយ៉ុង បើកបរក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករថយន្ត rang rover បណ្តាលឲ្យមនុស្ស ២នាក់រងរបួស

ភ្នំពេញ ÷ ប្តីប្រពន្ធ២នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីបើករថយន្តម៉ាកសាំយ៉ុងដឹកបន្លែមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកចំពីខាងក្រោយរថយន្ត rang rover យ៉ាងពេញទំហឹង បណ្តាលឲ្យរេចង្កូតទៅបុកខឿនឡើងសួនផ្លូវ រងការខូចខាតរថយន្តខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាក rang rover ស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BL-6780 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាកសាំយ៉ុង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AY-2804 បើកបរដោយបុរសម្នាក់រួមដំណើរ ជាមួយស្រ្តីជាប្រពន្ធធ្វើដំណើរស្របទិសគ្នា ពីក្រោយទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនបានរេចង្កូតទៅបុករថយន្ត rang rover ពីខាងក្រោយបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ រួចបន្តល្បឿនទៅបុកខឿនឡើងលើសួនផ្លូវ បណ្តាលឲ្យគៀបជាប់ប្តីប្រពន្ធ២នាក់ នៅក្នុងការប៊ីនមុខ ហើយភ្លាមៗនោះដែរ បានពលរដ្ឋជិតខាងរត់មកជួយគាស់ បានចេញមកក្រៅ ហៅរថយន្តសាមុយឲ្យមកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

មតិយោបល់