ភ្នំពេញៈ ជារឿងគួរឲ្យសង្វេគយ៉ាងខ្លាំង ដែលមានការបញ្ជាក់ថា កូនស្រីក្រោយរបស់លោក ហង្ស ផល្លីមធុរ៉ា ទើបតែមានអាយុ៣ខែ ស្រាប់តែក្លាយជាក្មេងកំព្រាឪពុក ដោយសូម្បីតែលោក ហង្ស ផល្លីមធុរ៉ា ខ្លួនឯងក៏មិនទាន់បានឃើញមុនកូនរបស់ខ្លួនបានច្បាស់នៅឡើយដែរ។ នោះគឺដោយសារតែតាំងពីកូនស្រីកើត លោកធ្លាក់ខ្លួនឈឺរហូតដោយសារតែជំងឺដុះសាច់ក្នុងខួរក្បាលធ្វើទុក្ខ។
អ្នកស្រី ហ៊ឹម ស្រីលាភ ជាភរិយាក្រោយរបស់លោក បានអះអាងថា ក្រោយពីបានរួមរស់ជាមួយលោកហង្ស ផល្លីមធុរ៉ា ជាប្ដីជាប្រពន្ធអ្នកស្រី និងលោកទើបតែមានកូនស្រីវ័យ៣ខែម្នាក់គត់ ដែលកូនស្រីនោះ លោកហង្ស ផល្លីមធុរ៉ា បានដាក់ឈ្មោះថា ហង្ស ច័ន្ទរស្មី។ អ្នកស្រីបញ្ជាក់ថា មុនអ្នកស្រីសម្រាលកូនស្រីបានប៉ុន្មានថ្ងៃ លោកហង្ស ផល្លីមធុរ៉ា ក៏ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (មន្ទីរពេទ្យរុស្ស៊ី) ដោយសារតែការធ្វើទុក្ខរបស់ជំងឺដុំសាច់ក្នុងខួរក្បាល។ បន្តបន្ទាប់មកបើទោះជាលោកត្រូវបានបញ្ជូនត្រលប់ទៅខេត្តបាត់ដំបងវិញ ក៏មិនសូវបានមើលថែកូនស្រីដែលបានប្រសូត្រឡើងនោះជាប់លាប់នោះដែរ ដោយសារតែលោកចាប់ផ្ដើមធ្វើទុក្ខនៅជំងឺក្នុងដំណាក់កាលចុងក្រោយជាប់រហូត។
អ្នកស្រីថាលោកហង្ស ផល្លីមធុរ៉ា ធ្វើទុក្ខជំងឺធ្ងន់ធ្ងរពេញរយៈពេល៣ខែ ហើយរយៈពេលដែលធ្វើទុក្ខធ្ងន់រហូតបណ្ដាលឲ្យស្លាប់នោះ គឺត្រូវនឹងអាយុរបស់កូនស្រីតែម្ដង ទើបជារឿងគួរឲ្យសង្វេគយ៉ាងខ្លាំង ដែលលោកមិនបានមើលថែកូនស្រីរបស់ខ្លួនក្រោយពេលកើត ដោយអ្នកស្រីបញ្ជាក់យ៉ាងខ្លីថាសូម្បីតែការថ្នាក់ថ្នមក៏លោកផ្ដល់ឲ្យកូនស្រីម្នាក់នេះបានតិចតួចដែរ ដោយសារតែកម្លាំង និងសភាពរបស់លោកគឺដល់ដំណាក់កាលទ្រុឌទ្រោមទៅហើយ។ អ្នកស្រីនិយាយថា«ខ្ញុំអាណិតប្ដីខ្ញុំតែមួយទេ គឺគាត់ធ្លាក់ខ្លួនឈឺគ្រិបចំពេលដែលកូនស្រីខ្ញុំកើតមកតែម្ដង ខ្ញុំដឹងថាគាត់គិតច្រើនដោយសារតែខ្ញុំកូនខ្ចីគាត់អត់បានមើលថែខ្ញុំ ហើយឥឡូវកូនទើបតែបាន៣ខែគាត់ក៏ស្លាប់ទៅតែម្ដង!»។ អ្នកស្រីបដិសេធបញ្ជាក់ឲ្យដឹងថាលោកហង្ស ផល្លីមធុរ៉ា ក្រោយពេលបែកបាក់ជាមួយនឹងភរិយាដើម តើលោកបន្សល់ទុកនៅកូនចៅប៉ុន្មាននាក់ ដោយអ្នកស្រីប្រាប់ថារឿងរ៉ាវរបស់ប្ដីអ្នកស្រីសុំមិននិយាយ។
នេះជាការលាតត្រដាងពីជីវិតឯកជនរបស់លោកហង្ស ផល្លីមធុរ៉ា ក្រោយពេលដែលលោកទទួលមរណភាពកាលពីព្រឹកថ្ងៃទី១ សីហា នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដោយសារជំងឺដុះសាច់ក្នុងខួរក្បាល។ អ្នកស្រីបានអះអាងថាលោកហង្ស ផល្លីមធុរ៉ា ជាអ្នកមិនព្រមទៅទទួលការព្យាបាលនៅពេលជំងឺមិនទាន់ធ្ងន់ ដោយសារតែលោកតុកស៊ិចរឿងចាញ់ក្ដីភរិយាដើម ហើយត្រូវបានរបូតអស់ទ្រព្យសម្បត្តិ ដោយសូម្បីតែផ្ទះសម្បែងផ្ទាល់ខ្លួនក៏មិនមាននៅខេត្តបាត់ដំបង៕
មតិយោបល់