គ្រូបង្គោលក្លឹបក្រសួងកាពារជាតិលោក ទេព ឡុងរចនា បានចាត់ទុកជ័យជម្នះ ១-០ លើភ្នំពេញក្រោន កាលពីល្ងាចមិញ នៅកីឡដ្ឋាន RSN ថាជាសំណាងរបស់ក្រុមទ័ព។
ភ្លាមៗក្រោយចប់ការប្រកួត គ្រូបង្វឹករូបនេះរៀបរាប់ថា ទម្រង់លេងរបស់ភ្នំពេញក្រោនបច្ចុប្បន្នល្អជាងមុនឆ្ងាយ ដោយសារមានកីឡករកូរ៉េ និងខ្សែប្រយុទ្ធ Bisan George មកចូលរូម ធ្វើឲ្យការប្រកួតពោរពេញដោយភាពតាងតឹង។ ដូច្នេះការរកគ្រាប់ជ័យជម្នះបាន១-០នោះ ជាចៃដន្យឬសំណាងរបស់ក្រុមខ្លួន។

« ប្អូនមើលទៅ ដូចថ្ងៃនេះដែលយើងជួបជាមួយភ្នំពេញក្រោន មិនងាយទេ។ ១គ្រាប់នោះ យើងថាជាភាពចៃដន្យក៏បាន ជាសំណាងក៏បាន។ ក្រុមភ្នំពេញក្រោន កាលពីជុំទី១ គេប្រើកីឡាករខ្មែរច្រើន ប៉ុន្តែជុំទី២គាត់អាប់ឌេតកីឡាករកូរ៉ និង George មកវិញ អញ្ចឹងគាត់មានឱកាសឈ្នះច្រើនណាស់។ សម្តី ទេព ឡុងរចនា។
ភ្នំពេញក្រោន និង ទ័ព បង្កើតឱកាសបានច្រើនដូចគ្នាក្នុងជំនួបកាលពីម្សិលមិញ ប៉ុន្តែធ្វើពុំបានសម្រេច ដោយបញ្ចប់វគ្គទី១ដោយលទ្ធផល ០-០។ ប៉ុន្តែឈានដល់វគ្គទី២ នាទីទី៦២ ខ្សែប្រយុទ្ធកូរ៉េខាងជើង Kim Kyong Hun បានស៊ុតគ្រាប់បាល់ជ័យជម្នះឲ្យក្រសួងកាពារជាតិតែម្តង។
៣ពិន្ទុក្នុងសប្តាហ៍នេះ ជួយឲ្យក្រុមមានមូលដ្ឋាននៅស្តាតចាស់ក្រសោបបាន៣៤ពិន្ទុ បន្តដេញក្រុមកំពូលតារាងបឹងកេតអង្គរដែលកំពុងកាន់ ៣៧ពិន្ទុក្នុងដៃ ចំណែកភ្នំពេញក្រោនមាន១៩ពិន្ទុ ឈរលេខ៦ដដែល។



















មតិយោបល់